ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែន ថា កងកម្លាំងរបស់ខ្លួនសំរុកចូលទៅមុខជានិច្ចដល់បរិវេណក្រុង Bakhmut

គៀវ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ថា លោកស្រី Hanna Maliar អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា កងកម្លាំងរបស់អ៊ុយក្រែនបានសំរុកឆ្ពោះទៅមុខនៅជុំវិញបរិវេណក្រុង Bakhmut ដោយគាត់បានពណ៌នាទីក្រុងភាគខាងកើតនេះថា ជា “ចំណុចកណ្តាលនៃអរិភាព” ។
លោកស្រីមិនបានថ្លែង ថាតើ ការវាយលុកដែលទន្ទឹងរង់ចាំជាយូរមកហើយនោះ នឹងត្រូវបានចាប់ផ្តើមឬយ៉ាងណានោះទេ ។

ដោយឡែក យោធារុស្ស៊ី វិញបានបញ្ជាក់ថា កាលពីថ្ងៃចន្ទ បានវាយបកវិញទៅលើការវាយប្រហារជាថ្មីនៅតំបន់ Donetsk ដែលស្ថិតនៅភាគខាងកើត ។

ក្រុង Bakhmut អស់រយៈពេល ជាច្រើនខែមកហើយ គឺជាបេះដូងនៃការប្រយុទ្ធគ្នាយ៉ាងសាហាវបំផុត ។ វាជាទីក្រុងដែលមានតម្លៃ យុទ្ធសាស្ត្រតិចតួចប៉ុណ្ណោះ ប៉ុន្តែមានសារៈសំខាន់ជានិមិត្តរូបទាំងសម្រាប់ ក្រុងគៀវ និងម៉ូស្គូ ។

ការទាមទារកាលពីថ្ងៃចន្ទដោយភាគីអ៊ុយក្រែន និងរុស្ស៊ី មិនត្រូវបានផ្ទៀងផ្ទាត់ឲ្យច្បាស់លាស់ឡើយ ។

ព័ត៌មានបឋមបានមកពីមន្ត្រីប្រចាំការ នៅរដ្ឋធានីបានឲ្យដឹងថា នៅព្រឹកថ្ងៃអង្គារនេះ លាន់លឺស៊ីរ៉ែនវាយប្រហារ តាមផ្លូវអាកាសត្រូវបានបន្លឺឡើង អស់រយៈពេលជាច្រើនម៉ោងនៅទូទាំងប្រទេស អ៊ុយក្រែន ហើយនៅក្នុងរដ្ឋធានី គៀវ គេបានដឹងថា គ្រាប់មីស៊ីលទាំងអស់ គឺជាង២០គ្រាប់ ត្រូវបានបាញ់ទម្លាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top