ព័ត៌មានជាតិ

យ៉ាងយូរ ត្រឹមដំណាច់ឆ្នាំ២០២៤ ផ្លូវល្បឿនលឿន​ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងត្រូវបើកការដ្ឋានសាងសង់

ភ្នំពេញ​ ៖​ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា​ បន្ទាប់ពីចុះកិច្ចព្រមព្រៀង ក្របខ័ណ្ឌរួច យ៉ាងយូរត្រឹមដំណាច់ឆ្នាំ២០២៤ ផ្លូវល្បឿនលឿនទី៣ ពីរាជធានីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងត្រូវបើកការដ្ឋានសាងសង់ ។

សូមបញ្ជាក់ថា​នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន តំណាងរាជរដ្ឋាភិបាល កម្ពុជា បានអញ្ជើញចុះហត្ថលេខា លើកិច្ចព្រមព្រៀងក្របខ័ណ្ឌ (Framework Agreement – FA) គម្រោងសាងសង់ ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ជាមួយ លោក Du Fei តំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC)។
នៅក្នុងកិច្ចព្រមព្រៀង ក្របខ័ណ្ឌ ភាគីក្រុមហ៊ុន បានស្នើរៀបចំការសិក្សា សមិទ្ធិលទ្ធភាពគម្រោង (Feasibility Study – FS) និងការអនុវត្តគម្រោង ខាងលើជា ០២ ដំណាក់កាល រួមមាន៖ ដំណាក់កាលទី១ ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅក្រុងសៀមរាប និង ដំណាក់កាលទី២ ផ្លូវល្បឿនលឿន បន្តពីក្រុងសៀមរាប ទៅក្រុងប៉ោយប៉ែត និងតភា្ជប់ជាមួយនឹងប្រទេសថៃ ។ គម្រោងទាំង២ ដំណាក់កាលនេះគ្រោងនឹងសិក្សាជា ៤ គន្លង ដូចផ្លូវល្បឿនលឿនមុនៗដែរ ។

កិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ ត្រូវបានកំណត់សុពលភាព ដូចគ្នាទៅនឹងកិច្ចព្រមព្រៀង ក្របខ័ណ្ឌគម្រោងផ្លូវល្បឿនលឿនកន្លងមក ប៉ុន្តែភាគីទាំងអស់ អាចព្រមព្រៀងគ្នា ក្នុងការពន្យាររយៈពេលសុពលភាពនេះក្នុងករណីចាំបាច់ ដើម្បីឱ្យការសិក្សាគម្រោងខាងលើ មានភាពពេញលេញគ្រប់ជ្រុងជ្រោយ។ ជាពិសេសទាក់ទងនឹងការកំណត់ខ្សែគន្លងផ្លូវ (Alignment) ក្នុងតំបន់ខេត្តសៀមរាប ត្រូវមានការវិភាគសិក្សា និងគិតគូរឱ្យបានល្អិតល្អន់ជាទីបំផុត ដោយហេតុថា ខេត្តនេះសំបូរទៅដោយសម្បត្តិ បេតិកភណ្ឌជាតិ និងពិភពលោក និងស្ថានីយបុរាណវិទ្យាជាដើម ៕

To Top