ព័ត៌មានជាតិ

សម្តេចតេជោ ស្នើសម្តេច គង់ សំអុល ឈប់អមដំណើរសម្តេចទៀត ខ្លាចប៉ះពាល់សុខភាព

ភ្នំពេញ៖ ដោយសារតែមើលឃើញមានវ័យជរា ហើយខ្លាចមានបញ្ហាសុខភាព ក្នុងពេលអម ដំណើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាក្នុងបេសកកម្ម នៅតាមបណ្តាខេត្តនានា សម្តេចបានស្នើសូមឲ្យសម្តេច ចៅហ្វាវាំងគង់ សំអុល ផ្អាកអមដំណើរសម្តេចទៀតទៅ ។

បើតាមសម្តេចតេជោ គឺសម្តេច គង់ សំអុល ក្នុងឆ្នាំនេះ មានជន្មាយុ៩០វស្សាហើយ ដូច្នេះក្នុងវ័យនេះ ចាស់ជរា ត្រូវការពេលវេលាសម្រាកឲ្យបានគ្រប់គ្រាន់ ។ សម្តេចថា ដូច្នេះ សម្តេច គង់ សំអុល ទុកឱកាសឲ្យក្មេងៗជំនាន់ក្រោយ ដែលមានកំលាំងពេញលេញធ្វើការម្តងទៅ ខណៈសម្តេច គង់ សំអុល ជាប្រធានគណៈពង្រឹងខេត្តកំពង់ឆ្នាំង ។

ប៉ុន្តែទោះបីជាយ៉ាងណា សម្តេចក៏បានកោតសរសើរពីការខិតខំ ប្រឹងប្រែងធ្វើការងារដើម្បីជាតិរបស់សម្តេច គង់ សំអុលផងដែរ ទោះមានវ័យជិត១០០ឆ្នាំហើយក្តី ។ នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ក្នុងជំនួបជាមួយកម្មករ នាព្រឹកថ្ងៃ៨ មិថុនា នាខេត្តកំពង់ឆ្នាំង ជាទីកន្លែងដែលសម្តេច គង់ សំអុលជាប្រធានគណៈពង្រឹងក្នុងខេត្តនេះ ហើយបានអមដំណើរសម្តេចតេជោ ។

សម្តេចតេជោមានប្រសាសន៍ថា “ថ្ងៃនេះ សម្តេចចៅហ្វាយវាំងគង់ សំអុលក៏បានមកដែរ…ឱលោកតាអើយលោកតា និយាយដាក់មេក្រូតែម្តងទៅ ថ្ងៃក្រោយលោកតាកុំអញ្ជើញអី(អមដំណើរ) ខ្ញុំយល់បងឯងប្រធានក្រុមការងារនៅកំពងង់ឆ្នាំង ខ្ញុំយល់ ក៏ប៉ុន្តែខ្ញុំក៏ភ័យពីសុខភាពបងឯងដែរ ។ ឧទាហរណ៍ស្រាប់តែខ្ញុំកំពុងថ្លែងសន្ទរកថា បងឯងដួលទៅធ្វើម៉េច ខ្ញុំភ័យណាស់”។

សម្តេចនាយករដ្ឋមន្រ្តី ក៏បានលើកពីករណីសម្តេច គង់ សំអុល ដែលបានទស្សនកិច្ច នៅទីក្រុងប៉េកាំងប្រទេសចិនកន្លងមកថា ចង់ទិញសំបុត្រយន្តហោះមក ប្រទេសមុនការកំណត់នោះ សម្តេចផ្ទាល់ ព្រមទាំងសម្តេចម៉ែមានការបារម្ភជាខ្លាំង ហើយសម្តេចក៏បានបញ្ជូនយន្តហោះពិសេស ពីខ្មែរទៅដើម្បីដឹកសម្តេចគង់ សំអុល មកវិញ។

សម្តេចតេជោបានថ្លែងក្នុងលក្ខណៈព្រួយបារម្ភទៀតថា “ដូច្នេះ ខ្ញុំសូមអង្វករ ពីថ្ងៃនេះទៅមិនបាច់ដង្ហែខ្ញុំទេ ហើយព្រះករុណាក៏ព្រះអង្គយោគយល់ដែរ ។ តិចថាដល់ពេលដាំកូនឈើ ទៅដង្ហែទៀត អត់បានទេ ។ ថ្ងៃមុនចង់ទៅដង្ហែដាំកូនឈើនៅបាត់ដំបង គឺអត់បានទេ អត់ឲ្យទៅទេ អាហ្នឹងនិយាយគ្នាឲ្យច្បាស់”។

សម្តេចតេជោក៏បានថ្លែងការសុំទោសទុកជាមុន ទៅដល់ពលរដ្ឋនៅកំពង់ឆ្នាំង ក្នុងករណីអវត្តមានសម្តេចគង់ សំអុល កុំអាក់អន់ស្រពោនចិត្ត និងងើយឆ្ងល់ ។

បច្ចុប្បន្ន សម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល គឺជាឧបនាយកនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំង សមាជិកអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង។

សូមបញ្ជាក់ថា សម្តេចគង់ សំអុល កើតថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៣៦ គឺជាអ្នកនយោបាយ ដែលបានធ្វើជារដ្ឋមន្ត្រីព្រះបរមរាជវាំង តាំងពីឆ្នាំ១៩៩៨ ។ សម្តេចក៏ធ្លាប់ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទពីឆ្នាំ១៩៨៦ ដល់ឆ្នាំ១៩៨៩ ហើយក៏ជាសមាជិករបស់ គណបក្សប្រជាជនកម្ពុជា ដែលបានជាប់ឆ្នោតជាតំណាងរាស្រ្តខេត្តកំពង់ឆ្នាំង ក្នុងរដ្ឋសភា នាឆ្នាំ២០០៣៕

To Top