ព័ត៌មានជាតិ

កម្មករស្តារឡៃថ៏ អឹភែរឹល មេនូហ្វេកឆឺរីង ស្នើរាជរដ្ឋាភិបាល និងក្រសួងការងារ ជួយអន្តរាគមន៍ ក្រោយតវ៉ាជាង១០ថ្ងៃ ពុំមានលទ្ធផល

ភ្នំពេញ ៖ ក្រុមកម្មករជាង៤០០០នាក់ បម្រើការនៅក្រុមហ៊ុន ស្តារឡៃថ៏ អឹភែរឹល មេនូហ្វេកឆឺរីង កាត់ដេរសំលៀកបំពាក់ ស្ថិតនៅភូមិសេដា ឃុំវិហាសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានទីតាំង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស7NG បានផ្ទុះការតវ៉ាទៀមទារ លក្ខខណ្ឌការងារ៩ចំណុច និងសុំក្រុមហ៊ុន ធ្វើការផ្លាស់ប្តូរ ថ្នាក់ដឹកនាំ ផ្នែករដ្ឋបាលចំនួនពីររូប ចេញ អស់រយៈពេលជាង១០ថ្ងៃហើយ នៅតែមិនមានលទ្ធផល ដែលអាចឲ្យកម្មករទទួលយកបាន ។

បើតាមកម្មការិនីម្នាក់ បម្រើការងារនៅរោងចក្រនេះ អស់ រយៈពេលជាច្រើនឆ្នាំ ហើយបានចូលរួមតវ៉ា ជាមួយកម្មករផ្សេងទៀត បានរៀបរាប់ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ៩ មិថុនាថា ពួកខ្លួនបានចាប់ផ្តើមធ្វើកូដកម្ម អស់រយៈពេលជាង១០ថ្ងៃមកហើយ នៅតែពុំមានលទ្ធផល ។

កម្មការិនីរូបនេះបន្តថា ពួកខ្លួនបានចាប់ផ្តើមធ្វើកូដកម្ម តាំងពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣មកម្ល៉េះ រហូតមកដល់ពេលនេះ ក៏មិនបានឃើញ ខាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានភារកិច្ចមើលការខុសត្រូវ នោះចេញមកអន្តរាគមន៍ដោះស្រាយទេ។

កម្មការិនីដដែលក៏បានស្នើឲ្យរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងចេញមុខ ជួយអន្តរាគមន៍ផងដែរ ដើម្បីបានចូលធ្វើការវិញ ។

កម្មការិនីខាងបញ្ជាក់ថា “រហូតមកដល់ថ្ងៃនេះ(៩មិថុនា) នៅមិនទាន់មានដំណោះស្រាយ ដែលអាចទទួលយកបាននៅឡើយ ហើយក៏អត់ឃើញ ខាងណាមកជួយ សម្របសម្រួលឬដោះស្រាយឲ្យដែរ ។ ដូច្នេះនាងខ្ញុំតំណាងឲ្យកម្មករឯទៀត ស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល និងក្រសួងការងារ ជួយពួកខ្ញុំផង” ។

ប៉ុន្តែទោះបីជាយ៉ាងណា បើតាមកម្មការិនីខាងលើនេះ គឺក្រោយតវ៉ាអស់ជាច្រើនថ្ងៃមក ខាងភាគីរោងចក្រក៏បានយល់ព្រម តាមលក្ខខណ្ឌមួយចំនួនផងដែរ តែអ្វីដែលធ្វើឲ្យក្រុមកម្មករ-កម្មាការិនី មិនសុខចិត្ត យល់ព្រម តាមលក្ខខណ្ឌផ្តល់ដោយភាគីរោងចក្រនោះ គឺសុំឲ្យផ្លាស់ប្តូរដឹកនាំផ្នែក រដ្ឋបាលចំនួនពីររូបចេញ តែរោងចក្រមិនព្រម ។

សូមបញ្ជាក់ថា ក្នុងដំណើរចុះជួបកម្មកររោងចក្រ នៅតាមបណ្តារាជធានី-ខេត្តមួយចំនួននាពេលប៉ុន្មាន ថ្ងៃចុងក្រោយនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា តែងតែបានដាស់តឿនជារឿយៗទៅ ឲ្យភាគីពាក់ព័ន្ធរួមគ្នាដោះស្រាយបញ្ហាទំនាស់រ៉ាំរៃ រវាងកម្មករ និងថៅកែរោងកច្រ ។ ក្នុងនោះ កាលពីថ្ងៃ៨ មិថុនា សម្តេចបានស្នើឲ្យអភិបាលរាជធានី-ខេត្ត ដែលម្ចាស់ទឹកដីត្រូវតែខិតខំដោះស្រាយ បញ្ហាបាតុកម្ម រវាងកម្មករនិងថៅកែរោងចក្រ ធ្វើយ៉ាងណាងកុំឲ្យជម្លោះក្លាយជាជំងឺមហារីក រហូតដល់ឡើងតុលាការ ៕

To Top