កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៣ នេះ ប្រតិភូយុវជន នាវាសន្តិភាពមេគង្គ-ទ្បានឆាង ដែលមាននិស្សិតមកពី ៦ ប្រទេស បានចូលជួបថ្នាក់ដឹកនាំ និងនិស្សិតនៃសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ចខេត្តកំពង់ចាម ( UME ) ក្នុងគោលបំណង ផ្លាស់ប្ដូរបទពិសោធន៍ និងសិក្សាស្វែងយល់អំពីវប្បធម៌ ប្រពៃណីខ្មែរ ក្នុងតំបន់ ខេត្តកំពង់ចាម ។
លោក មួន វាសនា ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងជាសាកលវិទ្យាធិការរង នៃសាកលវិលទ្យាល័យUME)ខេត្តកំពង់ចាម បានមានប្រសាសន៍ថា ថ្ងៃនេះ សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច សាខា ខេត្តកំពង់ចាម មានកិត្តិយស បានទទួលបដិសណ្ឋារកិច្ច ចំពោះប្រតិភូយុវជននាវាសន្តិភាពមេគង្គ-ទ្បានឆាង ដែល សាធារណរដ្ឋប្រជាមានិតចិន, សាធារណៈរដ្ឋ ប្រជាមានិតទ្បវ, សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា , ព្រះរាជាណាចក្រថៃទ្បង់,សាធារណរដ្ឋសង្គមនិយមវៀតណាម និងប្រទេសព្រះរាជាណាចក្រកម្ពុជាយើង មានចំនួនជាង ៦០ នាក់ ដែលបានឈ្លៀតពេលដ៏មានតំលៃ មកធ្វើទស្សនកិច្ច និងជួបសន្ទនា ជាមួយ បុគ្គលិក សាស្ត្រាចារ្យ និស្សិត នៃសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច សាខា ខេត្តកំពង់ចាម ។
លោក មួន វាសនា បានឱ្យដឹងទៀតថា ដំណើរទស្សនកិច្ចរបស់ប្រតិភូយុវជននាវាសន្តិភាពមេគង្គ-ទ្បានឆាង នាពេលនេះ គឺក្នុងគោលបំណង ដឹកនាំក្រុមយុវជននៅក្នុងប្រទេស នៃតំបន់ដងទន្លេមេគង្គ ដើម្បីសិក្សាស្រាវជ្រាវស្វែងយល់អំពីវប្បធម៌ ប្រពៃណី ដើម្បីយល់ដឹង និងធ្វើការផ្លាស់ប្ដូរ បទពិសោធន៍ជាមួយគ្នា បានយល់អំពីគ្នាទៅវិញទៅមក និងទទួលបានសេចក្តីសុខ ក្នុងនាមជាពលរដ្ឋ ដែលមានប្រទេសរស់នៅជាប់ដងទន្លេមេគង្គ ជាមួយគ្នា និងអាស្រ័យផលពីទន្លេមេគង្គទាំងអស់គ្នា ៕