វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះថា គេហទំព័រព័ត៌មាននយោបាយអាមេរិក ឈ្មោះថា Politico បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក គ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង នៅដើមសប្តាហ៍ក្រោយ ដើម្បីជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់របស់ប្រទេសចិន ។
បើសិនជាដំណើរការនេះឆ្ពោះទៅមុខមែននោះ វានឹងក្លាយជាដំណើរទស្សនកិច្ចជាលើកដំបូងទៅកាន់ប្រទេសចិន របស់មន្ត្រីថ្នាក់រដ្ឋមន្ត្រីមកពីរដ្ឋធានីវ៉ាស៊ីនតោន ចាប់តាំងពីការចាប់ផ្តើម នៃរដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃដិន នៅក្នុងឆ្នាំ២០២១ ។
ទោះបីជាមានភាពតានតឹងកាន់តែខ្លាំងឡើងជាច្រើនខែរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ក្តីសេចក្តីរាយការណ៍នេះបានកើតឡើងស្របពេលដែលរដ្ឋបាលលោក បៃដិន បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារទំនាក់ទំនងរវាងមន្ត្រីជាន់ខ្ពស់របស់ប្រទេសទាំង២ឡើងវិញដែរ ។
គួររំលឹកថា កាលពីដើមសប្តាហ៍នេះ លោក Daniel Kritenbrink ជំនួយការរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសចិន Ma Zhaoxu នៅទីក្រុងប៉េកាំង ហើយរដ្ឋធានីវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បានចាត់ទុកការពិភាក្សារបស់ពួកគេថា មានលក្ខណៈប្រសើរឡើង ។
គេបានដឹងថា កាលពីដំបូងនោះ លោក Blinken មានគម្រោងទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង តាំងពីដើមខែកុម្ភៈ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី បន្ទាប់ពីជំនួបផ្ទាល់រវាងលោក បៃដិន និងប្រធានាធិបតីចិន ហ្ស៊ី ជិនពីង នៅក្នុងខែវិច្ឆិកា នៅក្នុងប្រទេសឥណ្ឌូនេស៊ី ។
ប៉ុន្តែការធ្វើដំណើរនេះត្រូវបានពន្យារពេលភ្លាមៗ បន្ទាប់ពីក្រុងវ៉ាស៊ីនតោនបានរកឃើញអ្វីដែលខ្លួនពិពណ៌នាថា ជាបាល់ឡុងហោះចារកម្មរបស់ចិន ដែលកំពុងធ្វើដំណើរលើតំបន់ដ៏រសើបនៃទ្វីបអាមេរិក ដែលធ្វើឱ្យមានភាពតានតឹងបន្ថែមទៀតរវាងប្រទេសទាំង២ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា