ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសផ្ដល់របបថែទាំសុខភាព តាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់បុគ្គលបម្រើការក្នុងសេវាកម្សាន្ត ទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រាជរដ្ឋាភិបាល នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ក្នុងបរិការណ៍ នៃសុខសន្ដិភាព និងស្ថេរភាពនយោបាយ, រាជរដ្ឋាភិបាលតែងតែងគិតគូរយ៉ាងមធ្យ័ត អំពីសុខមាលភាពរបស់ប្រជាជនកម្ពុជាគ្រប់រូប ដោយឈរលើគោលនយោបាយ «មិនបោះបង់ពលរដ្ឋណាម្នាក់» ឡើយ។
ជាមួយនឹងការគិតគូរនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវកិច្ចអន្តរាគមន៍គាំពារសង្គមនានា ក្នុងគោលបំណងធានាឱ្យបាននូវសន្ដិសុខប្រាក់ចំណូល កាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សំដៅកាត់បន្ថយ និងទប់ស្កាត់ការធ្លាក់ចុះក្នុងភាពក្រីក្រជាអតិបរមា ជូនប្រជាជនគ្រប់រូប។
ពេលនេះ រាជរដ្ឋាភិបាលសម្រេចផ្ដល់របបថែទាំសុខភាព តាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសស្រ្តីដែលបម្រើការនៅតាមរង្គសាល, ឌីស្កូតែក, ខារ៉ាអូខេ, បៀរហ្កាឌិន, កន្លែងម៉ាស្សា និងស្ប៉ា ស្របតាមលិខិតបទដ្ឋានគតិយុត្ដជាធរមាន ដែលរដ្ឋនឹងរាប់រងនូវចំណាយទាំងស្រុង។
ក្នុងន័យនេះ រាជរដ្ឋាភិបាល ក៏បានអំពាវនាវដល់និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ក្នុងវិស័យសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវរៀបចំបញ្ជីឈ្មោះបុគ្គលបម្រើការ ក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងសហគ្រាស គ្រឹះស្ថានរបស់ខ្លួន ដើម្បីបញ្ជូនទៅរដ្ឋបាលរាជធានី-ខេត្ត ឬក្រុង/ស្រុក/ខណ្ឌ ដើម្បីផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវ មុននឹងស្នើទៅបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដើម្បីចុះបញ្ជីឱ្យពួកគាត់អាច ទៅទទួលយកអត្ថប្រយោជន៍ក្រោមកញ្ចប់មូលនិធិសមធម៌សុខាភិបាល នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ នៅទូទាំងប្រទេស ដោយឥតបង់ថ្លៃ៕