ព័ត៌មានអន្តរជាតិ

ចិនទំនងជានឹង លើកពេលប្រជុំ សមាជប្រចាំឆ្នាំរបស់ខ្លួន ក្នុងឆ្នាំនេះ

បរទេស៖ នៅថ្ងៃចន្ទទី១៧ ខែកុម្ភៈនេះ ប្រទេសចិនបានលើកឡើងថា ខ្លួនអាចនឹងពន្យាពេល កិច្ចប្រជុំសមាជប្រចាំឆ្នាំ របស់ខ្លួន ដែលគ្រោងនឹងធ្វើឡើង នៅក្នុងខែមីនា ខាងមុខ។ វាគឺជាកិច្ចប្រជុំនយោបាយ ដ៏ធំបំផុតប្រចាំឆ្នាំ ហើយការពន្យាពេលនេះ ត្រូវបានគេមើលឃើញថា ត្រូវបានធ្វើឡើង ដោយសារយោធា បានបញ្ជូនបុគ្គលិកពេទ្យ រាប់រយនាក់បន្ថែមទៀត និងគ្រឿងផ្គត់ផ្គង់បន្ថែម ទៅទីក្រុង ដែលរងគ្រោះខ្លាំងបំផុត ដោយសារការផ្ទុះវីរុស ដែលអូសបន្លាយ អស់រយៈពេល ២ខែមកហើយនោះ។

ក្នុងនោះផងដែរ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ បានរាយការណ៍ថា គណៈកម្មាធិការអចិន្ត្រៃយ៍ នៃសមាជប្រជាជនជាតិ ក៏បានបញ្ជាក់ដែរថា ខ្លួនជឿជាក់ថាវា គឺជាការងារដ៏ចាំបាច់ ក្នុងការពន្យារពេលការប្រជុំគ្នាឆ្នាំនេះធ្វើយ៉ាងណាដើម្បី ផ្តល់អាទិភាពខ្លាំង ទៅដល់អាយុជីវិត សុវត្ថិភាពនិងសុខភាព របស់ប្រជាជនចិនជាង។

សេចក្តីថ្លែងការណ៍ដដែលនេះ ក៏បានកត់សម្គាល់ ដែរថាមួយភាគបីនៃប្រតិភូ៣០០០នាក់ ដែលនឹងត្រូវចូលរួមកិច្ចប្រជុំ គឺជាកម្មាភិបាលថ្នាក់ខេត្ត និងក្រុងដែលមានតួនាទី ដឹកនាំសំខាន់ៗ និងកំពុងធ្វើការនៅជួរមុខ នៃការប្រយុទ្ធប្រឆាំង នឹងការរីករាលដាល នៃជំងឺកូរ៉ូណានេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top