ព័ត៌មានជាតិ

ត្រឹម២០២៣ ទោចក្រយានយន្តនៅកម្ពុជា កើនឡើង៦លានគ្រឿង និងរថយន្ត១លានគ្រឿង

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា គិតត្រឹម២០២៣ កម្ពុជា បានកើនឡើងទោចក្រយានយន្តរហូតដល់ប្រមាណ៦លានគ្រឿង និងរថយន្តប្រមាណ១លានគ្រឿងដែលបានចុះបញ្ជីរួចរាល់។

នាឱកាសនាអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា នាថ្ងៃ១៤ មិថុនា លោក ស៊ុន ចាន់ថុល លើកឡើងថា ការអភិវឌ្ឍរីកចម្រើនឥតឈប់ឈររបស់កម្ពុជា បានផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ មានលទ្ធភាពទិញយានយន្តយកមកប្រើប្រាស់ យ៉ាងច្រើនលើសលុប។

ក្នុងនោះលោកបញ្ជាក់ថា “បើគិតក្នុងឆ្នាំ១៩៩៨ កម្ពុជាមានទោចក្រយានយន្តចំនួនប្រមាណ២០ម៉ឺនគ្រឿង និងរថយន្តប្រមាណ៦ម៉ឺនគ្រឿង ប៉ុន្តែបច្ចុប្បន្នគិតត្រឹម២០២៣ កម្ពុជាកើនឡើងទោចក្រយានយន្តរហូតដល់ចំនួនប្រមាណ៦លានគ្រឿង និងរថយន្តចំនួនប្រមាណ១លានគ្រឿងដែលបានចុះក្នុងបញ្ជីរួចរាល់»។

បន្ថែមលើចំនួនយានយន្តចរាចរណ៍នេះដែរ លោកទេសរដ្ឋមន្ត្រី ក៏បានលើកពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍កើតមាននៅកម្ពុជា ដោយជាមធ្យមមានអ្នកស្លាប់ប្រមាណ៥នាក់ និងរបួសប្រមាណ ១០នាក់ ក្នុងមួយថ្ងៃ ។

ក្នុងនោះចំណោមអ្នកស្លាប់សរុបដោយសារគ្រោះថ្នាក់ចរាចរណ៍ មានប្រមាណ ៧៥% ជាអ្នកប្រើប្រាស់ម៉ូតូ បង្កមកពីមូលហេតុជាច្រើនដូចជា កត្តាយានយន្ត និងកត្តាមនុស្ស ពិសេសការមិនពាក់មួកសុវត្ថិភាព និងពាក់មួកសុវត្ថិភាពមិនបានត្រឹមត្រូវ។

លោកទេសរដ្ឋមន្ត្រីបន្ថែមថា ស្របតាមកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ត្រឹមឆ្នាំ២០៣០ កម្ពុជានឹងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យបានចំនួន៥០% ។

ជាមួយគ្នានេះដែរ លោកក៏បានលើកពីភាគីជប៉ុនថា តែងតែយកចិត្តទុកដាក់ជួយកម្ពុជា លើការងារសុវត្ថិភាពចរាចរណ៍ ដូចមានគម្រោងធ្វើឲ្យប្រសើរឡើងសុវត្ថិភាពចរាចរណ៍តាមផ្លូវជាតិលេខ៥ និងផ្ដល់មួកសុវត្ថិភាពដែលជាការរួមចំណែក កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

នាឱកាសនោះ លោក UENO Atsushi ឯកអគ្គរាជទូត ក៏បានលើកឡើងពីការចូលរួមរបស់រដ្ឋាភិបាលជប៉ុន ដែលកំពុងធ្វើឲ្យប្រសើរឡើងផ្លូវជាតិលេខ៥ ដែលការកែលម្អផ្លូវថ្នល់នេះ នឹងអាចជួយសម្រួលលើការដឹកជញ្ជូនទំនិញ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋបានផងដែរ ៕

To Top