ព័ត៌មានជាតិ

លោកបណ្ឌិត ហ៊ុន ម៉ាណែត សម្ពោធវិហារឥស្លាម ម៉ាស្ជិទនូរុលអៀសសាន្ត និងសមិទ្ធផលនានា

ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្ពោធវិហារឥស្លាមម៉ាស្ជិទនូរុលអៀសសាន្ត និងសមិទ្ធផលនានា ស្ថិតក្នុងភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣។

លោកបណ្ឌិត សូមចូលរួមអបអរសាទរ ចំពោះការកកើតឡើងនូវសមិទ្ធផលថ្មីៗ រួមមាន៖ វិហារម៉ាស្ជិទនូរុលអៀសសាន្ត, អគារសាលារៀន និងអន្តេវាសិកដ្ឋាន, អគារស្នាក់នៅសម្រាប់អ្នកដឹកនាំ និងអ្នកថែទាំវិហារ រួមទាំងសមិទ្ធផលជាច្រើនទៀត ព្រមជាមួយនឹងការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ថ្នាក់ដឹកនាំខ្មែរឥស្លាមគ្រប់លំដាប់ថ្នាក់ រួមទាំងចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ព្រមទាំងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដែលបានលះបង់កម្លាំងកាយចិត្ត និងបរិច្ចាគថវិកាចូលរួមកសាងសមិទ្ធផលទាំងនេះ រហូតសម្រេចជាស្ថាពរ។ ទាំងនេះ គឺជាតឹកតាងនៃស្មារតីរួបរួមគ្នា របស់បងប្អូនសាសនិកឥស្លាមទាំងក្នុង និងក្រៅប្រទេស នៅក្នុងបុព្វហេតុនៃការគោរពបដិបត្តិ យ៉ាងខ្ជាប់ខ្ជួននូវប្រពៃណី ជំនឿសាសនារបស់ខ្លួន ក៏ដូចជាដើម្បីការអប់រំ និងផ្សព្វផ្សាយនូវគុណតម្លៃនៃសាសនាឥស្លាម ជាពិសេសសម្រាប់សាសនិកឥស្លាម ជំនាន់ក្រោយៗទៀត។

លោក ម៉ាណែត សូមវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព រីកចម្រើនលើគ្រប់វិស័យ នៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ក៏ដូចជាការអភិវឌ្ឍរីកចម្រើន គួរជាទីមោទនៈរបស់សាសនាឥស្លាម ទាំងនៅក្នុងក្របខ័ណ្ឌរួមទូទាំងប្រទេស និងនៅក្នុងមូលដ្ឋានសង្កាត់ច្រាំងចំរេះនេះ ក្រោមការយកចិត្តទុកដាក់ផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន ដូចដែលស្តែងឡើងតាមរយៈការ ដាក់ចេញនូវគោលនយោបាយនានា អនុគ្រោះដល់សហគមន៍ឥស្លាម និងសាសនិកឥស្លាម ព្រមទាំងភាពស្និទ្ធស្នាល និងភាពកក់ក្តៅរបស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈការចូលរួម ពិធីស្រាយបួសអាហារខែរ៉ាម៉ាដន ជាដើម។

លោកបន្តថា ប្រទេសកម្ពុជាយើង គ្មានជម្លោះសាសនានោះទេ ហើយសាសនាខុសគ្នា និងជាតិសាសន៍ខុសគ្នាក៏មិនមែនជា ឧបសគ្គរារាំងដល់ការកសាងប្រទេស នោះឡើយ។ ពិតមែនតែនៅក្នុងប្រទេសរបស់យើង មានព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ប៉ុន្តែយើងមិនបានមើលរំលង ចំពោះសាសនាដទៃទៀតឡើយ។ ក្នុងនោះ សាសនាឥស្លាម គឺជាសាសនាធំទី២ បន្ទាប់ពីព្រះពុទ្ធសាសនា ហើយសាសនាគ្រិស្ដ រួមទាំងសាសនាដទៃទៀត ក៏ទទួលបាននូវការយកចិត្តទុកដាក់ដូចគ្នា ដោយបង្កើតបាននូវសុខដុមនីយកម្មសាសនា នៅក្នុងសង្គមជាតិទាំងមូល។

លោកបណ្ឌិត លើកឡើងទៀតថា គោលនយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តាំងពីដើមរៀងមក ក៏ដូចជាទៅអនាគត គឺការផ្តល់សិទ្ធិសេរីភាពពេញលេញ ក្នុងការគោរពបដិបត្តិជំនឿសាសនា ដែលជាសិទ្ធិរបស់បុគ្គល ហើយសេចក្ដីត្រូវការរួមរបស់ប្រជាជនទាំងអស់ គឺមានតែសុខសន្ដិភាព និងការអភិវឌ្ឍប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ការលើកស្ទួយវិស័យសាសនា ត្រូវបានយកចិត្តទុកដាក់ជាប្រចាំ ដោយសារសាសនាបានដើរតួនាទី យ៉ាងសំខាន់នៅក្នុងសង្គមខ្មែរ តាមរយៈការចូលរួមចំណែកក្នុងការ ថែរក្សាសុខសន្តិភាពទាំងផ្លូវចិត្ត និងផ្លូវកាយ និងការបង្កលក្ខណៈដល់ការអភិវឌ្ឍ រីកចម្រើនប្រកបដោយចីរភាព តាមរយៈការបណ្តុះនូវផ្នត់គំនិតវិជ្ជមាន និងការចែករំលែកជួយគ្នាទៅវិញទៅមក ក្នុងនាមជាពលរដ្ឋគំរូ៕

To Top