ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ៖ ច្បាប់បោះឆ្នោត មិនធ្វើឲ្យប៉ះពាល់ឡើយ ដល់សិទ្ធិបោះឆ្នោត របស់ពលរដ្ឋខ្មែរ

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា សំណើធ្វើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ធ្វើឡើងស្របតាមការកំណត់នៃរដ្ឋធម្មនុញ្ញកម្ពុជា ដោយមិនធ្វើឲ្យប៉ះពាល់ឡើយដល់ «សិទ្ធិបោះឆ្នោត» របស់ប្រជាពលរដ្ឋខ្មែរ។

នាឱកាសអញ្ជើញដឹកនាំប្រតិភូតំណាងរាជរដ្ឋាភិបាលប្រជុំជាមួយ លោក ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា (គណៈកម្មការទី៦) ដើម្បីពិភាក្សាសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងការបោះឆ្នោត នៅវិមានរដ្ឋសភា នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ សម្តេច ស ខេង បានឲ្យដឹងថា យោងតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ កម្ពុជាប្រកាន់យករបបនយោបាយដឹកនាំប្រទេស តាមបែបប្រជាធិបតេយ្យសេរីពហុបក្ស ដែលមេដឹកនាំប្រទេស ត្រូវជ្រើសរើសតាមរយៈការបោះឆ្នោត ដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នានា ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន។

សម្ដេចបន្តថា ផ្អែកលើមូលដ្ឋាននេះ កម្ពុជាបានចាត់តាំងរៀបចំឲ្យមានការបោះឆ្នោតជាទៀងទាត់ ទៅតាមការកំណត់នៃរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ទាំងនៅថ្នាក់ជាតិនិងក្រោមជាតិ តាមរយៈការបោះឆ្នោតជាសកល និងការបោះឆ្នោតជាអសកល រួមមាន៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ការបោះជ្រើសតាំងសមាជិកព្រឹទ្ធសភា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។

សម្តេចគូសបញ្ជាក់ថា ដំណើរការប្រជាធិបតេយ្យសេរីពហុបក្ស បានចាក់ឫសយ៉ាងរឹងមាំនៅក្នុងសង្គមកម្ពុជា ទាំងនៅថ្នាក់ជាតិនិងក្រោមជាតិ ហើយប្រជាពលរដ្ឋខ្មែរបានប្រើប្រាស់ សិទ្ធិអំណាចរបស់ខ្លួនតាមច្បាប់ ក្នុងនាមជាពលរដ្ឋល្អ និងជាម្ចាស់ប្រទេសជាតិ ដោយបានចេញទៅបោះឆ្នោត ជ្រើសរើសតំណាងរបស់ខ្លួន ដើម្បីដឹកនាំប្រទេសជាតិ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយទន្ទឹមនេះ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលបានបំពេញគ្រប់លក្ខខណ្ឌ តាមការកំណត់នៃច្បាប់ ក៏មានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ដើម្បីអាចក្លាយជាអ្នកដឹកនាំប្រទេសជាតិ ទាំងនៅថ្នាក់ជាតិនិងក្រោមជាតិផងដែរ។

សម្ដេចបន្ថែមថា ដើម្បីសម្រេចនូវគោលបំណងដ៏ពិសិដ្ឋ នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ពិសេសការជ្រើសរើសបាននូវអ្នកដឹកនាំល្អសម្រាប់ជាតិ ពលរដ្ឋដែលមានសិទ្ធិឈរឈ្មោះឱ្យការបោះឆ្នោត មិនត្រឹមតែត្រូវបំពេញឲ្យបាន គ្រប់លក្ខខណ្ឌដែលកំណត់ដោយរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែចាំបាច់ត្រូវមានការទទួលខុសត្រូវ ក្នុងនាមជាពលរដ្ឋល្អរបស់ជាតិ ក្នុងសង្គមប្រជាធិបតេយ្យ។

សម្ដេចបន្ដទៀតថា ដើម្បីពង្រឹង និងលើកកម្ពស់ការទទួលខុសត្រូវ របស់អ្នកដឹកនាំនយោបាយ ដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោត តាមបែបប្រជាធិបតេយ្យ សេរីពហុបក្ស ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការស្នើសុំធ្វើ វិសោធនកម្មច្បាប់បោះឆ្នោត សំដៅកែទម្រង់សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត ។ ក្នុងន័យនេះពលរដ្ឋដែលមានបំណង ឈរឈ្មោះឲ្យគេបោះឆ្នោត ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះជាតិ មាតុភូមិ និងប្រជាជន ដោយត្រូវផ្ដើមចេញពីការអនុវត្តឲ្យ បានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោតរបស់ខ្លួន ដោយចេញទៅបោះឆ្នោត ដែលនេះជាករណីកិច្ចចម្បងរបស់ពលរដ្ឋល្អ ដែលមានការទទួលខុសត្រូវខ្ពស់ នៅក្នុងសង្គមប្រជាធិបតេយ្យ។

សម្ដេចបញ្ជាក់ទៀតថា ក្នុងករណីដែលពុំបានអនុវត្តនូវសិទ្ធិបោះឆ្នោត ដោយចេញទៅបោះឆ្នោត សម្រាប់ការបោះឆ្នោត ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយគ្មានមូលហេតុសមស្រប ពលរដ្ឋនោះមិនគួរគប្បីចាត់ទុក ជាពលរដ្ឋល្អក្នុងសង្គម ប្រជាធិបតេយ្យ ដើម្បីអាចឈរឈ្មោះឲ្យគេបោះឆ្នោតបានឡើយ ហើយវិសោធនកម្មនេះក៏បានកំណត់ផងដែរថា បុគ្គលណាដែលបានធ្វើសកម្មភាពប៉ះពាល់ ដល់សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋ ក៏ដូចជាធ្វើសកម្មភាពប៉ះពាល់ ឬធ្វើឲ្យខូចខាតដល់កិច្ចដំណើរការនៃការបោះឆ្នោត ដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ត្រូវប្រឈមនឹងការដកហូតជា បណ្តោះអាសន្ននូវ សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត ឬការហាមឃាត់មិនឲ្យចូលរួម នៅក្នុងការបោះឆ្នោតផងដែរ។

សម្តេច ស ខេង បានគូសបញ្ជាក់ថា «សំណើធ្វើវិសោធនកម្មនេះ ត្រូវបានធ្វើឡើងស្របតាមការកំណត់នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ហើយក៏មិនធ្វើឲ្យប៉ះពាល់ឡើយ ដល់សិទ្ធិបោះឆ្នោត របស់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា នោះទេ»៕

To Top