បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន កាលពីថ្ងៃអង្គារបាន ហៅប្រធានាធិបតីចិន គឺលោក ស៊ី ជិនពីង ថាជាជនផ្តាច់ការ ដោយបន្ថែមថា លោក ស៊ី មានការអាម៉ាស់យ៉ាងខ្លាំង នៅពេលដែលប៉េងប៉ោង របស់ចិនត្រូវបានបាញ់ ទម្លាក់ពីលើទឹកដីសហរដ្ឋអាមេរិក កាលពីដើមឆ្នាំនេះ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ចូ បៃដិន បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងកម្មវិធីរៃអង្គាសថវិកា នៅរដ្ឋកាលីហ្វ័រញ៉ា មួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រី ការបរទេសលោក អានតូនី ប្លីនខិន បានជួបលោក ស៊ី ជិនពីង ក្នុងដំណើរទៅកាន់ប្រទេសចិន ដែលមានគោលបំណងបន្ធូរបន្ថយភាព តានតឹងរវាងប្រទេសទាំងពីរ។
លោក ចូ បៃដិន បាននិយាយ ក្នុងកម្មវិធីរៃអង្គាសប្រាក់នោះថា «មូលហេតុដែល លោក ស៊ី ជិនពីង មានការតូចចិត្តយ៉ាងខ្លាំង ចំពោះពេលដែលខ្ញុំបាញ់ ទម្លាក់ប៉េងប៉ោងហោះនោះ ដែលពោរពេញដោយឧបករណ៍ចារកម្មនោះ គឺគាត់មិនដឹងថាវានៅទីនោះទេ»។
លោក ចូ បៃដិន បានបន្ថែមថា «នោះជាការអាម៉ាស់យ៉ាងខ្លាំងសម្រាប់ជនផ្តាច់ការ។ នៅពេលពួកគេមិនដឹងថាមានអ្វីកើតឡើង។ វាមិនគួរទៅទីណាទេ ហើយវាក៏ត្រូវបានបាញ់ទម្លាក់។
សូមជម្រាបថា ប៉េងប៉ោង ចារកម្មចិនដែលសង្ស័យ គឺបានហោះកាត់ដែនអាកាស របស់សហរដ្ឋអាមេរិកក្នុងខែកុម្ភៈ ។ ឧប្បត្តិហេតុនោះ និងការផ្លាស់ប្តូរទស្សនកិច្ច របស់មន្ត្រីអាមេរិក និងមន្រ្តីរបស់កោះតៃវ៉ាន់នាពេលថ្មីៗនេះ បានពង្រីកភាពតានតឹងរវាង សហរដ្ឋអាមេរិក និងចិន។
យ៉ាងណាក៏ដោយ លោក ប្លីនខិន រដ្ឋមន្រ្តីការបរទេសអាមេរិក និង លោក ស៊ី ជិនពីង ប្រធានាធិបតីចិន កាលពីថ្ងៃច័ន្ទ បានព្រមព្រៀងគ្នា នៅក្នុងកិច្ចប្រជុំ ដើម្បីធ្វើឱ្យ មានស្ថិរភាព នៃការប្រកួតប្រជែង ដ៏ខ្លាំងក្លា រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ដូច្នេះវានឹងមិនធ្វើឱ្យមាន ជម្លោះនោះឡើយ ប៉ុន្តែក៏បាន បរាជ័យ ក្នុងការបង្កើតរបកគំហើញដ៏សំខាន់ណាមួយ ក្នុងអំឡុងពេលដំណើរទស្សនកិច្ច ដ៏កម្ររបស់លោក ប្លីនខិន ទៅកាន់ប្រទេសចិនផងដែរ ៕