ព័ត៌មានអន្តរជាតិ

ក្នុងរយៈពេល ៥ខែកន្លងមកនេះ វៀតណាម នាំចេញផ្លែធុរ៉េន កើនឡើងខ្ពស់ ដោយទទួលចំណូល បានលើសពី៥០០លានដុល្លារ

ហាណូយ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ថា ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានរាយការណ៍ឲ្យដឹង នៅថ្ងៃអង្គារនេះថា ប្រទេសវៀតណាម រកចំណូលបានលើស ពី៥០០លានដុល្លារអាមេរិក ពីការនាំចេញធុរ៉េន នៅក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំនេះ ស្មើនឹងការកើនឡើង១៨ដងធៀបនឹងឆ្នាំមុន ។

ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា ប្រទេសវៀតណាម បាននាំចេញធុរ៉េនជាង៦៥.០០០តោន នៅក្នុងអំឡុងខែមករា រហូតដល់ខែឧសភា ដោយបានកើនឡើង ៤១ភាគរយនៃចំនួនសរុបនៃឆ្នាំ២០២២ ដោយប្រទេសចិន បានបញ្ជាទិញ៩៧ភាគរយ នៃការនាំចេញ ។

គេបានដឹងថា វៀតណាម ចាប់ផ្តើមប្រមូលើផលផ្លែធុរ៉េន នៅក្នុងខែឧសភា ដូច្នេះហើយតម្លៃ នៃការនាំចេញផ្លែឈើនេះ បានកើនឡើងខ្ពស់បំផុត ដល់ទៅ៣៣២លានដុល្លារ ពោលគឺខ្ពស់ជាង១០ដង បើធៀបនឹងខែមេសា ។

យោងតាមទិន្នន័យគយ របស់ប្រទេសចិន បានឲ្យដឹងថា តម្រូវការអាហាររបស់ប្រទេសចិន សម្រាប់ផ្លែឈើនៅតំបន់ត្រូពិច គឺច្រើនណាស់ ។ កាលពីឆ្នាំមុន ប្រទេសចិន បាននាំចូលផ្លែធុរ៉េនចំនួន៨២៥.០០០តោន ។

ប្រទេសអាស៊ីអាគ្នេយ៍នា ពេលបច្ចុប្បន្ននេះ មានតំបន់កសិកម្ម ចំនួន២៩៣កន្លែង និងកន្លែងវេចខ្ចប់ផ្លែធុរ៉េន ចំនួន១១៥កន្លែង ដែលត្រូវបានផ្តល់ដោយកូតាផ្លូវការ ដើម្បីនាំចេញទៅកាន់ប្រទេសចិន ៕

To Top