ព័ត៌មានអន្តរជាតិ

គុកដាក់តែស្រ្តី៖ ស្លាប់អ្នកទោសជាង៤០នាក់ ក្រោយការតវ៉ាច្បាប់ថ្មី ដែលរឹបអូសយកទូរទស្សន៍ និងឧបករណ៍ផ្សេងទៀតពីអ្នកទោស

បរទេស៖ កុប្បកម្មដែលបានកើតឡើងកាលពីថ្ងៃអង្គារ នៅឯពន្ធនាគារស្ត្រីមួយកន្លែង ក្នុងប្រទេសហុងឌូរ៉ាស បាននាំឱ្យអ្នកទោសយ៉ាងតិច ៤១នាក់បានស្លាប់, នេះបើតាមនាយកផ្នែកកោសល្យវិច្ច័យនៃក្រសួងសាធារណៈរបស់ប្រទេសនេះបានបញ្ជាក់។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា រហូតមកដល់ពេលនេះ អាជ្ញាធរបានរកឃើញថា ជនរងគ្រោះចំនួន ២៥ នាក់ ត្រូវភ្លើងឆេះរហូតដល់ស្លាប់ និង ១៦ នាក់ត្រូវបានបាញ់ដោយគ្រាប់កាំភ្លើងនៅ ឯពន្ធនាគារជាតិស្រ្តីសម្រាប់ការបន្សាំសង្គម ដែលមានទីតាំងនៅនាយកដ្ឋានកណ្តាលនៃ Francisco Morazan ចម្ងាយប្រហែល ៣៥ គីឡូម៉ែត្រពីរដ្ឋធានី Tegucigalpa, នេះបើតាមអ្នកនាំពាក្យក្រសួងសាធារណៈ លោក Yuri Mora ប្រាប់អ្នកសារព័ត៌មាន។

លោកបានបន្តថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើង នៅពេលអាជ្ញាធរបន្តស្វែងរកកន្លែងកើតហេតុ។

Delma Ordonez តំណាងសាច់ញាតិរបស់អ្នកទោសបាននិយាយថា កុប្បកម្មបានផ្ទុះឡើងបន្ទាប់ពីអាជ្ញាធរបានប្រកាសពីច្បាប់ថ្មីសម្រាប់ពន្ធនាគារ រួមទាំងការហាមប្រាម និងរឹបអូសទូរទស្សន៍ និងឧបករណ៍ផ្សេងទៀត។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក, អ្នកទោសដែលរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងទីក្រុង Tegucigalpa ខណៈដែលរូបភាពនៃសាកសពដែលត្រូវបានឆេះខ្លោច និងវីដេអូផ្សេងទៀតនៃការបង្ហូរឈាមត្រូវបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរួចហើយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top