ព័ត៌មានជាតិ

ស្ថានអគ្គកុងស៊ុលចិន ប្រចាំខេត្តសៀមរាប បន្តកិច្ចគាំទ្រដល់ចរន្តអភិវឌ្ឍស្រុកបន្ទាយស្រី

សៀមរាប ៖ ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ សាលាស្រុកបន្ទាយស្រីមានរៀបចំកម្មវិធីកម្ពុជា-ចិន រួមគ្នាថែរក្សាបរិស្ថានអេកូទេសចរណ៍ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប លោកស្រី YANG LIHUA តំណាងអង្គការYUNDI បានមានប្រសាសន៍ទៅកាន់អង្គពិធីដែលមានអ្នកចូលរួម១៦៥រូបថា ស្រុកបន្ទាយស្រីគឺជាគោលដៅដ៏សំខាន់មួយ របស់បណ្តាសង្គមស៊ីវិលនានារបស់ខេត្តយូណាន ប្រទេសចិនក្នុងការចូលរួមក្នុងចរន្តអភិវឌ្ឍជាមួយរដ្ឋបាលស្រុកបន្ទាយស្រី។

លោកស្រីបន្តទៀតថា ការអនុវត្តគម្រោងបង្កើនសម្រស់បរិស្ថាននៅក្នុងស្រុកបន្ទាយស្រីនាពេលនេះគឺជាកម្លាំងសាមគ្គីរួមគ្នារវាង សមាគមមិត្តភាពខេត្តយូណានជាមួយបរទេស អង្គការYUNDI ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋបាលស្រុកបន្ទាយស្រី និងស្ថានអគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប។

លោកស្រីបានបន្ថែមថា ចាប់តាំងពីឆ្នាំ២០១៩មក តាមរយៈលោក ងន ប៊ុនធី អភិបាលរងស្រុកបន្ទាយស្រី សង្គមស៊ីវិលចិន នានាបានចូលរួមអនុវត្ត នូវគម្រោងមួយចំនួនដូចជា គម្រោងពិនិត្យសុខភាពកុមារដែលមានជំងឺបេះដូងចំហ គម្រោងជីកស្រះទឹក គម្រោងកែលម្អជីវភាពរស់នៅ គម្រោងប្រើប្រាស់ចង្ក្រានសន្សំថាមពល គម្រោងផ្ទះបាយរបស់សិស្សនៅសាលាបឋមសិក្សា គម្រោងចែកកាតាបនិងសម្ភារៈសិក្សា គម្រោងអំពូលអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យជាដើម។

លោក Liu Zhijie អគ្គកុងស៊ុលចិន ប្រចាំខេត្តសៀមរាបបានមានប្រសាសន៍ទៅអង្គពិធីថា ប្រទេសចិននិងកម្ពុជា គឺជាមិត្តដែកថែប និងរួមគ្នាក្នុងកិច្ចកសាងសហគមន៍រួមវាសនា នៃមនុស្សជាតិ។

ឆ្នាំនេះគឺជាខួបលើកទី៦៥ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងជាឆ្នាំមិត្តភាពចិន-កម្ពុជា។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លា តាមរយៈស្ថានអគ្គកុងស៊ុលចិន ប្រចាំខេត្តសៀមរាប សង្គមស៊ីវិលនានារបស់ខេត្តយូណានបាន ផ្តល់អំណោយជាធុងសំរាមសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនៅតាមរដ្ឋបាលឃុំនិងផ្ទះប្រជាជន ព្រមទាំងបានផ្តល់ នូវសម្លៀកបំពាក់ កាបូបបរិស្ថាន កែវទឹក អំពូលលើតុប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យជូនដល់ក្រុមការងារ យុវជនដែលមានភក្តីភាពក្នុងការចូលរួមលើកកម្ពស់ បរិស្ថាននៅក្នុងស្រុកបន្ទាយស្រី។

លោកបានបន្ថែមទៀតថា ស្ថានអគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាបនឹងបន្តលើកទឹកចិត្តដល់សប្បុរសជន និងសង្គមស៊ីវិលនានារបស់ប្រទេសចិន ឱ្យបន្តចូលរួមគាំទ្រដល់កិច្ចអភិវឌ្ឍក្នុងស្រុកបន្ទាយស្រីបន្ថែមទៀត។

លោក រិន ឡូត អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី បានថ្លែង នូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះកិច្ចគាំទ្ររបស់ស្ថានអគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប ដែលជានិច្ចកាលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោម ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា លើការអភិវឌ្ឍនៅក្នុងស្រុកបន្ទាយស្រី ដោយផ្តោតជាសំខាន់លើការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ការបង្កើនសម្រស់បរិស្ថាន និងការចូលរួមបំពេញបានតាមតម្រូវការជាក់ស្តែង របស់ប្រជាជននៅក្នុងស្រុកបន្ទាយស្រី ហើយជាពិសេសថ្ងៃនេះបាននាំយក នូវអំណោយនិងដៃគូសង្គមស៊ីវិលនានារបស់ខេត្តយូណាន មករួមកម្លាំងក្នុងចរន្តអភិវឌ្ឍស្រុកបន្ទាយស្រី។

គួរបញ្ជាក់ផងដែរថា គណៈប្រតិភូចិនបានទៅបំពេញទស្សនកិច្ច ឈ្វេងយល់ពីសកម្មភាពអប់រំបរិស្ថាន នៅក្នុងសាលាបឋមសិក្សាខ្នារសណ្តាយក្នុងឃុំខ្នារសណ្តាយ និងការលើកកម្ពស់ សោភណភាពបរិស្ថាននៅតាមផ្ទះប្រជាជននៅក្នុងឃុំព្រះដាក់ទៀតផង៕

To Top