ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន បារម្ភពីការកើនឡើង នៃអត្រាឆ្លងជំងឺអេដស៍នៅកម្ពុជា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញពីការព្រួយបារម្ភចំពោះការកើនឡើង នៃអត្រាឆ្លងមេរោគអេដស៍នៅកម្ពុជា ខណៈអ្នកកើតជំងឺអេដស៍ឆ្នាំ២០២២ កើនឡើងប្រមាណ ៣០០នាក់ ធៀបនឹងឆ្នាំ២០២១។

នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន១៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ជំងឺអេដស៍នៅកម្ពុជា មិនទាន់ចប់នៅឡើយ ផ្ទុយទៅវិញ អ្នកកើតជំងឺអេដស៍ឆ្នាំ២០២២ កើនឡើងប្រមាណ ៣០០នាក់ ធៀបនឹងឆ្នាំ២០២១។ ការកើនឡើងនេះ ក្នុងចំណោមអ្នកស្រឡាញ់ភេទដូចគ្នា។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា កម្ពុជា មិនបង្កើតច្បាប់សម្រាប់អ្នកស្រលាញ់ភេទដូចគ្នាឡើយ ហើយក៏មិនហាមឃាត់ក្នុងការស្រលាញ់គ្នាដែរ។

សម្ដេច គូសបញ្ជាក់ថា «តើអត្រាឆ្លងនេះទាក់ទងជាមួយអ្នកណា? វាទាក់ទងជាមួយនឹងអ្នកយកភេទជាមួយគ្នា ហើយអ្នកយកភេទដូចគ្នានេះ ស្រី និងស្រី មិនចោទបញ្ហាប៉ុន្មានទេ តែរឿងបុរស និងបុរស យកគ្នានេះ អាហ្នឹងជាប្រភពចម្លងដែរគេរកឃើញ នៃការឆ្លង (ឆ្លងជំងឺជំងឺអេដស៍) ដោយសារប្រទេសយើងអត់បានបង្កើតច្បាប់ណាមួយរារាំង ហើយក៏មិនបានបង្កើតច្បាប់ដើម្បីអនុញ្ញាតដែរ។ យើងមិនហាមឃាតទេ ការស្រលាញ់ភេទដូចគ្នា ក៏ស្រលាញទៅចុះ តែយើងមិនធ្វើច្បាប់ឱ្យទៅជារៀបអាពាហ៍ពិពាហ៍រវាងភេទដូចគ្នាទេ»។

ក្នុងស្ថានភាពបែបនេះ សម្ដេច នាយករដ្ឋមន្ដ្រី បានអំពាវនាវឱ្យរួមគ្នាទប់ស្កាត់ការឆ្លងមេរោគអេដស៍ និងកុំរើសអើងចំពោះអ្នកកើតមេរោគអេដស៍ ត្រូវចេះប្រើវិធីការពារ។
សម្ដេច ថា ប្រទេសកម្ពុជាជោគជ័យលើការគ្រប់គ្រងជំងឺគ្រុនស្វិតដៃជើង និងកំពុងឈានទៅសម្រេចផ្តាច់ព្រ័ត្រជំងឺគ្រុនចាញ់ នៅឆ្នាំ២០២៥។

លើសពីនេះ សម្តេច ក៏អំពាវនាវឲ្យពលរដ្ឋបង្កើតការការពារកុំឲ្យកើនឡើងនូវជំងឺអេដស៍បន្តទៀត ព្រោះថា ពិភពលោកមិនទាន់មានប្រទេសណាមួយរកឃើញថ្នាំអេដស៍ព្យាបាលឱ្យជានោះទេ។

សម្ដេច ថា អ្នកមានមេរោគអេសដ៍សូមកុំចម្លងទៅអ្នកដទៃ បង្កើតបញ្ហា លើបញ្ហា។ ជាមួយគ្នានេះ សម្ដេចក៏អំពាវនាវឱ្យបង្កើនការការពារខ្លួនកុំ ឱ្យមានមេរោគអេដស៍ ជាពិសេសអ្នកស្រលាញ់ភេទដូចគ្នា ហើយបើសង្ស័យមានផ្ទុកមេរោគអេដស៍ ត្រូវធ្វើតេស្តដើម្បីទទួលបានសេវាព្យាបាលភ្លាមៗ៕

To Top