បរទេស៖ ទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃសុក្របានដំឡើងការព្រមានរបស់ខ្លួនសម្រាប់អាកាសធាតុក្តៅទៅជា “ក្រហម” ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងប្រព័ន្ធប្រកាសអាសន្នដែលមានកូដពណ៌ ជាមួយនឹងផ្នែកជាច្រើន នៃរដ្ឋធានីរបស់ប្រទេសចិន ក្នុងសីតុណ្ហភាពរហូតដល់ ៤០ អង្សារសេ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា សីតុណ្ហភាពផ្លូវការសម្រាប់រាជធានី ដែលត្រូវបានវាស់ពីកន្លែងសង្កេតការណ៍ជាយក្រុងភាគខាងត្បូង របស់ខ្លួន បានឡើងដល់ ៤០ អង្សាសេ បន្ទាប់ពីម៉ោង ១ និង ៣០ នាទីរសៀល នៅថ្ងៃសុក្រនេះ យោងតាមអ្នកសង្កេតការណ៍ឧតុនិយមក្រុងប៉េកាំង។
“នេះជាលើកដំបូងចាប់តាំងពីការបង្កើតកន្លែងសង្កេតឃើញថា មានសីតុណ្ហភាពខ្ពស់លើសពី ៤០អង្សាសេ ក្នុងរយៈពេលពីរថ្ងៃជាប់ៗគ្នា” ។ នេះបើតាមលោក Zhang Yingxin ប្រធានអ្នកព្យាករណ៍ នៃក្រុមសង្កេតការណ៍ឧតុនិយមក្រុងបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ។ កន្លែងសង្កេតការណ៍ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៥១ ។
កាលពីថ្ងៃព្រហស្បតិ៍ សីតុណ្ហភាពអតិបរមាក្នុងទីក្រុងប៉េកាំង ដែលមានប្រជាជនរស់នៅជិត ២២លាននាក់ គឺបានឡើងដល់ ៤១អង្សាសេ និងបំបែកកំណត់ត្រាសម្រាប់ថ្ងៃក្តៅបំផុតក្នុងខែមិថុនា។
ស្ថានីយ៍អាកាសធាតុនៅជាយក្រុងភាគខាងត្បូងរបស់ខ្លួនដែលត្រូវបានគេចាត់ទុកថាជារង្វាស់សំខាន់របស់ទីក្រុងប៉េកាំង បានកត់ត្រាទុក គឺសីតុណ្ហភាព ៤១,១ អង្សាសេនៅពេលរសៀល។ កម្រិតខ្ពស់កាលពីខែមិថុនាមុនត្រូវបានកត់ត្រានៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ១៩៦១ នៅពេលដែលបារតឡើងដល់ ៤០.៦ អង្សាសេ៕ ប្រែសម្រួលៈ ណៃ តុលា