ព័ត៌មានអន្តរជាតិ

មេទាហានស៊ីឈ្នួល Wagner បង្ហើបតម្រុយពីកន្លែងលាក់ខ្លួនលោក និងកិច្ចព្រមព្រៀងសម្ងាត់បញ្ឈប់ការបះបោរ

រូបភាពពី៖​ AFP

បរទេស៖ ចៅហ្វាយរបស់ក្រុមទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ី ពីរថ្ងៃបន្ទាប់ពីដឹកនាំការបះបោរ ប៉ុន្តែត្រូវបានបញ្ចៀស កាលពីថ្ងៃចន្ទបាននិយាយថា លោកមិនដែលមានបំណងចង់ផ្តួលរំលំរដ្ឋាភិបាលទេ ខណៈដែលប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានថ្លែងអំណរគុណដល់យុទ្ធជន Wagner ដែលបានយល់ព្រមទម្លាក់អាវុធ។

យោងតាមសារព័ត៌មាន Japan Today ចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា មេដឹកនាំទាហានស៊ីឈ្នួល Wagner គឺលោក Yevgeny Prigozhin បានផ្តល់តម្រុយមួយចំនួនអំពីជោគវាសនាផ្ទាល់ខ្លួនរបស់លោក រួមទាំងកន្លែងលាក់ខ្លួនរបស់គាត់ ឬកិច្ចព្រមព្រៀងដែលគាត់បានយល់ព្រមបញ្ឈប់ដំណើរទៅកាន់ទីក្រុងម៉ូស្គូ។

លោកពូទីន បានថ្លែងសុន្ទរកថាតាមទូរទស្សន៍កាលពីថ្ងៃចន្ទ ដែលជាការអត្ថាធិប្បាយជាសាធារណៈលើកដំបូងរបស់លោកចាប់តាំងពីថ្ងៃសៅរ៍ ដែលលោកបាននិយាយថា ការបះបោរបានធ្វើឱ្យស្ថិរភាពរបស់រុស្ស៊ី ស្ថិតនៅក្រោមការគំរាមកំហែង ហើយថា អ្នកដែលនៅពីក្រោយការបះបោរនេះ នឹងត្រូវទទួលទណ្ឌកម្ម។

យ៉ាងណាក៏ដោយ លោក ពូទីន ប្រធានាធិបតីរុស្ស៊ី ក៏បានថ្លែងអំណរគុណដល់មេបញ្ជាការ និងទាហានស៊ីឈ្នួលដែលបានជៀសវាងការបង្ហូរឈាម ហើយបាននិយាយថា លោកនឹងគោរពការសន្យារបស់លោកក្នុងការអនុញ្ញាតឱ្យកងកម្លាំង Wagner ផ្លាស់ទីលំនៅទៅប្រទេសបេឡារុស្ស ប្រសិនបើពួកគេចង់ ចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រសួងការពារជាតិរុស្ស៊ី ឬត្រឡប់ទៅគ្រួសាររបស់ពួកគេវិញ។

លោក ពូទីន មិនបាននិយាយអំពី លោក Prigozhin ដែលជាមេរបស់ទាហាន Wagner នោះទេ។ កាលពីថ្ងៃចន្ទលោកពូទីន បានជួបជាមួយប្រធានសេវាកម្មសន្តិសុខរុស្ស៊ី រួមទាំងរដ្ឋមន្ត្រីការពារជាតិ Sergei Shoigu ផងដែរ , នេះបើតាមទីភ្នាក់ងារព័ត៌មាន IFX បានរាយការណ៍ដោយដកស្រង់សម្តីអ្នកនាំពាក្យវិមានក្រឹមឡាំង។

បន្ថែមលើសពីនេះ ការទាមទារដ៏សំខាន់មួយរបស់មេ Wagner គឺលោក Prigozhin នោះគឺត្រូវបណ្តេញរដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោក Shoigu ចេញពីតំណែង រួមជាមួយនឹងឧត្តមសេនីយកំពូលរបស់រុស្ស៊ី ហើយដែលគិតត្រឹមល្ងាចថ្ងៃចន្ទនេះ លោកមិនទាន់បានបង្ហាញខ្លួនជាសាធារណៈនៅឡើយទេ ចាប់តាំងពីមានការបះបោរមក។

លោក Prigozhin ដែលជាមេរបស់ទាហាន Wagner បានបន្តថា យើង​បាន​ផ្អាក​ភ្លាមៗនៅ​ពេល​ដែល​អង្គភាព​វាយលុក​ទី​មួយ​បាន​ដាក់​ពង្រាយ​កាំភ្លើង​ធំ​របស់​ខ្លួន (ក្បែរ​ទីក្រុង​មូស្គូ) បាន​ធ្វើ​ការ​ឈ្លបយកការណ៍ ហើយ​បាន​ដឹង​ថា អាចនឹងមានការបង្ហូរឈាម​ជា​ច្រើន​កើតឡើង។

លោកមិនបានសំដៅដោយផ្ទាល់ទៅកន្លែងលាក់ខ្លួនរបស់គាត់ ឬផ្តល់ព័ត៌មានលម្អិតបន្ថែម នៃកិច្ចព្រមព្រៀងអាថ៌កំបាំង ដែលបាននាំឱ្យមានការរារាំង ដល់ការបះបោររបស់គាត់នោះឡើយ៕ ប្រែសម្រួលៈ ណៃ តុលា

To Top