ព័ត៌មានជាតិ

សម្ដេច ស ខេង ប្រាប់អាជ្ញាធរទប់ស្កាត់ ចរាចរគ្រឿងញៀន ឆ្លងកាត់ព្រំដែន ពិសេសតំបន់ត្រីកោណ

រូបថត ម៉ៅ ដារ៉ាត់

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ បានប្រាប់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការត្រួតពិនិត្យ និងទប់ស្កាត់ការចរាចរគ្រឿងញៀន ឆ្លងកាត់ព្រំដែន ពិសេសតំបន់ត្រីកោណមាស។

ក្នុងទិវាអន្ដរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ មិថុនា នាថ្ងៃ២៨ មិថុនា សម្ដេច ស ខេង គូសបញ្ជាក់ថា «ក្រសួង ស្ថាប័ន គណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត អង្គភាពមានសត្ថកិច្ចទាំងអស់ ត្រូវយកចិត្តទុកដាក់ និង ពង្រឹងថែមទៀតនូវការត្រួតពិនិត្យ និងទប់ស្កាត់ការ ចរាចរគ្រឿងញៀន ឆ្លងកាត់ព្រំដែន ពិសេសពីតំបន់ត្រីកោណមាស តាមខេត្តជាប់ព្រំដែន ឡាវ» ។

សម្ដេចបន្ថែមថា ខេត្តជាប់ព្រំដែនត្រូវរៀបចំ និងពង្រឹង យន្តការការិយាល័យ ប៊ី អិល អូ (BLO) និងត្រូវសហការ ជាជាមួយអង្គភាពពាក់ព័ន្ធឈរជើង នៅតាមតំបន់ព្រំដែនធ្វើសកម្មភាពឃ្លាំមើល និងត្រួតពិនិត្យនូវរាល់មធ្យោបាយ ធ្វើដំណើរឆ្លងកាត់ដែលមានការសង្ស័យ ឲ្យបានហ្មត់ចត់។

សម្ដេចបន្ដថា ក្រសួង-ស្ថាប័ន ជំនាញពាក់ព័ន្ធ និងក្រុមការងារអន្តរក្រសួងត្រួតពិនិត្យសារធាតុគីមីផ្សំគ្រឿងញៀន ត្រូវបន្តយកចិត្តទុកដាក់បន្ថែម ទៀតនូវការត្រួត ពិនិត្យការបង្វែរសារធាតុគីមីផ្សំពីការប្រើប្រាស់ស្របច្បាប់ យកទៅផលិតគ្រឿងញៀនខុសច្បាប់ ឲ្យមានប្រសិទ្ធភាពបំផុត។ ជាមួយគ្នានេះ ត្រូវធ្វើការលើកកម្ពស់ និង ពង្រឹងសមត្ថភាពមន្រ្តីជំនាញក្នុងការត្រួតពិនិត្យសារធាតុគីមីផ្សំគ្រប់ប្រភេទ ដែលមានចែងក្នុងតារាង ឧបសម្ព័ន្ធនៃច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងធ្វើការសិក្សាស្រាវជ្រាវ លើ សារធាតុគីមីផ្សេងៗ ទៀតដែលអាចនឹងបង្វែរ ទៅផលិតជាគ្រឿងញៀនខុសច្បាប់បាន ។

សម្ដេច ស ខេង គូសបញ្ជាក់ទៀតថា រាល់ការពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងគោលដៅចូលរួមពង្រឹងយន្តការ បង្ការ និងទប់ស្កាត់ការចរាចរគ្រឿងញៀន និងសារធាតុគីមីផ្សំឆ្លងកាត់ព្រំដែន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល ត្រូវបង្កើនការយកចិត្តទុកដាក់ពិនិត្យឡើងវិញ និងផ្តល់ការសម្របសម្រួលឱ្យបានសមស្រប ដើម្បីជំរុញការអនុវត្តឲ្យមានប្រសិទ្ធភាពថែមទៀត។

សូមរំលឹកថា ៥ខែដើម ឆ្នាំ២០២៣ អាជ្ញាធរបង្រ្កាបករណីគ្រឿងញៀនបានសរុប ៣.១៤៣ករណី, ឃាត់ខ្លួនជនសង្ស័យសរុប ៧.៤៨០ នាក់/ស្រី ៤៧៨ នាក់ និងរឹបអូសគ្រឿងញៀនគ្រប់ប្រភេទបាន ចំនួន ៨៣៨គីឡូ ៧៧២,៦ក្រាម៕

To Top