បាងកក៖ ទិន្នន័យបានបង្ហាញថា ប្រទេសថៃ បានទទួលភ្ញៀវទេសចរបរទេសជាង ១២,៤៦ លាននាក់នៅចន្លោះខែមករា ដល់ពាក់កណ្តាលខែមិថុនា ដើម្បីបំពេញតាមគោលដៅ ពេញមួយឆ្នាំរបស់ប្រទេស ដែលមានចំនួន ២៥លាននាក់។
គិតត្រឹមសប្តាហ៍មុន ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ រកចំណូលបានជាង ៥១៤ពាន់លានបាត (១៤,៥៧ ពាន់លានដុល្លារអាមេរិក) ជាចំណូលពីភ្ញៀវបរទេស ជាមួយនឹងការត្រឡប់មកវិញនៃភ្ញៀវទេសចរចិន បានរួមចំណែកយ៉ាងសំខាន់ នេះបើយោងតាមទិន្នន័យ ដែលចេញផ្សាយដោយក្រសួងទេសចរណ៍ និងកីឡា។
ការវិភាគទិន្នន័យបានបង្ហាញថា ភ្ញៀវទេសចរបរទេស ដែលចូលមកក្នុងប្រទេសបានកើនឡើង នៅក្នុងទីផ្សារបឋមភាគច្រើនកាលពីសប្តាហ៍មុន ជាពិសេសអ្នកមកពីប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Anucha Burapachaisri អគ្គលេខាធិការរងរបស់នាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរដ្ឋាភិបាលបានឲ្យដឹងថា ចំនួននៃការមកដល់របស់បរទេស រហូតមកដល់ពេលនេះបានឈានដល់ កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៣ឆ្នាំ ហើយត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ២៥ លាននាក់នៅចុងឆ្នាំ២០២៣។
លោក Anucha បានលើកឡើងថា អាជ្ញាធរទេសចរណ៍ថៃ សហការជាមួយភ្នាក់ងារពាក់ព័ន្ធ កំពុងរៀបចំផែនការផ្សព្វផ្សាយ ដែលមានបំណងសម្រេចបាន ប្រាក់ចំណូលពីទេសចរណ៍ចំនួន ២,៣៨ ពាន់ពាន់លានបាត (៦៧,៤៨ពាន់លានដុល្លារអាមេរិក) នៅឆ្នាំនេះ។ ចំនួនភ្ញៀវទេសចរបរទេសចុងក្រោយបំផុតបានលើសចំនួន ១១,១៥ លាននាក់ដែលបានកត់ត្រាទុក សម្រាប់ឆ្នាំ២០២២ ទាំងមូល។
នៅមុនជំងឺរាតត្បាតឆ្នាំ២០១៩ ភ្ញៀវទេសចរបរទេសជិត ៤០ លាននាក់បានមកលេងប្រទេសថៃ។ វិស័យទេសចរណ៍ ដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើន សេដ្ឋកិច្ចរបស់ប្រទេសអាស៊ីអាគ្នេយ៍ មានប្រហែល ១២ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន ៕
ប្រែសម្រួល ឈូក បូរ៉ា