ភ្នំពេញ ៖ ព្រឹទ្ធសភាជាតិកម្ពុជា បានចាត់ទុកការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត គឺជាការលើកស្ទួយគុណតម្លៃ លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលបានចារឹកទុកក្នុងរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ជាតិ ។
បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក្រោមអធិបតីភាពសម្តេចសាយ ឈុំ ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា មានប្រសាសន៍ថា «ច្បាប់នេះ គឺជួយពង្រឹងការទទួលខុសត្រូវរបស់អ្នកដឹកនាំនយោបាយដែលត្រូវជ្រើសរើសតាមរយៈការ បោះឆ្នោត តាមបែបប្រជាធិបតេយ្យ សេរី ពហុបក្ស ទាំង នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដែលចាំបាច់ត្រូវធ្វើការកែទម្រង់សិទ្ធិឈរឈ្មោះ ឲ្យគេបោះឆ្នោត»។
លោកបន្តថា ក្នុងន័យនេះ ពលរដ្ឋដែលមានគោលបំណង ឲ្យគេបោះឆ្នោតត្រូវមានការទទួលខុសត្រូវខ្ពស់ ចំពោះជាតិមាតុភូមិ និងប្រជាជន ដោយត្រូវផ្ដើមចេញពីការអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវសិទ្ធិបោះឆ្នោតរបស់ខ្លួន ដោយចេញទៅបោះឆ្នោត ដែលនេះជាករណីកិច្ចចំបងរបស់ពលរដ្ឋល្អ ដែលមានការទទួលការខុសត្រូវខ្ពស់ ក្នុងសង្គមប្រជាធិបតេយ្យ ។
លោក ម៉ម ប៊ុននាងបន្ថែមថា វិសោធនកម្មនេះ ក៏បានកំណត់ផងដែរថា បុគ្គលណាដែលបានធ្វើសកម្មភាពប៉ះពាល់ដល់សិទ្ធិបោះឆ្នោត ឬប្រជាពលរដ្ឋ ក៏ដូចជាធ្វើសកម្មភាពប៉ះពាល់ ឬធ្វើឲ្យខូចខាតដល់កិច្ចដំណើរការ នៃការបោះឆ្នោត ក៏ត្រូវប្រឈមមុខនឹងការដកហូតជាបណ្ដោះអាសន្ន សិទ្ធឈរឈ្មោះឲ្យគេបោះឆ្នោត ឬការហាមឃាត់ចូលរួមក្នុងការបោះឆ្នោតផងដែរ ។
អ្នកនាំពាក្យព្រឹទ្ធសភា បានបញ្ជាក់ថា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បន្ទាប់ពីបានពិនិត្យពិភាក្សាយ៉ាងល្អិតល្អន់រួចមក លើសេចក្តីព្រាងច្បាប់នេះ គឺមានលក្ខណៈត្រឹមត្រូវតាមទម្រងច្បាប់ និងគតិច្បាប់ ហើយសម្រេចយកសេចក្តីព្រាងច្បាប់នេះ ដាក់ក្នុងរបៀបវារៈសម័យប្រជុំលើកទី១០ ព្រឹទ្ធសភា នីតិកាលទី៤ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ស្អែកនេះ៕