ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអះអាងថា នឹងមិនលើកលែងទោសឲ្យជាដាច់ខាត ចំពោះអ្នកជាប់ឃុំរូបណាដែលមានកិច្ចអន្តរាគម៍ ពីបរទេស ។
ក្នុងឱកាសបន្តអញ្ជើញចុះ ជួបសំណេះសំណាលជាមួយកម្មករ នាថ្ងៃទី២៨ ខែមិថុនានេះ សម្ដេចតេជោ បានលើកឡើងពីមនុស្សមួយចំនួនកំពុងជាប់គុកដែលគេកំពុងស្រាវជ្រាវ ដោយសារមនុស្សទាំងនោះឃុបឃិតជាមួយបរទេស ហើយជនបរទេសបាននាំគ្នាទៅសួរសុខទុក្ខ ដូច្នេះសម្ដេចថា «លោកឯងចាប់ដៃជាន់ជើងខ្ញុំ រឿងអីខ្ញុំទុកចិត្តលោកឯង ខ្ញុំមិនលើកលែងទោសឲ្យមនុស្សហ្នឹង ដោយសារខ្ញុំអត់ទុកចិត្តបរទេស ដែលមានបំណងបំផ្លាញខ្ញុំ ម៉ោងនេះធ្វើអីខ្ញុំ» ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា «ចាប់ពីម៉ោងនេះទៅ ឲ្យសារទៅអ្នកឯងអ្នកណាក៏ដោយ ដែលមានអន្តរាគមន៍ពីបរទេស ជាប់គុកឲ្យគ្រប់ថ្ងៃ អត់មានការបន្ធូរបន្ថយ ហើយកុំដាក់ចូលទៅក្នុងបញ្ជីការបន្ធូរបន្ថយ និងលើកលែងទោសឲ្យសោះ ឲ្យតែមាន បរទេសលូកដៃ ដើម្បីយើងទប់ស្កាត់អាការជ្រៀតជ្រែកចូលស្រុកខ្មែរ ។ បើអ្នកហ្នឹងមានសញ្ជាតិពីរ ពេលដែលមកកម្ពុជា ត្រូវអនុវត្តតាមច្បាប់របស់ខ្មែរ មិនមែនតាមច្បាប់របស់បរទេសទេ ។ ខ្ញុំគិតថាមិត្តបរទេសដកពិសោធន៍បានហើយ ថ្ងៃក្រោយរៀងចាល» ។
សម្ដេចតេជោបន្ថែមថា ជាក់ស្ដែងរឿងអប្សរាក្បាលត្រងោល (សេង ធារី) យកទៅដាក់គុកនៅព្រះវិហារ ហើយថ្ងៃមុនមានអ្នកចូលទៅសួរសុខទុក្ខ ហើយបាន បញ្ជូនសារចេញមកក្រៅ ចង់ធ្វើកូដកម្មទៀត ។
សម្ដេចថា «នាងឯងចង់ធ្វើកូដកម្ម អត់អាហារចង់ងាប់ ចង់ស្អីក៏ទៅតាមចិត្តខ្លួនឯងទៅ បញ្ជូនសារចេញមក យើងយកបានសារហ្នឹងតើ ខ្ញុំបានមើលសារនោះដែរតើ សារនោះពួកអនុរក្សដកហូតទុក គេចង់ធ្វើកូដកម្មទៀត ។ អើបើវាចង់អត់បាយឲ្យវាអត់ទៅ វាមិនមែន ពោះរបស់យើងឯណា» ។
សម្ដេចតេជោក៏បានលើកឡើងថា ពីមុន សេង ធារី កោត្រងោលស្លៀកពាក់អប្សរា រួចដើរតាមផ្លូវ ដែលពេលនោះមិនទាន់ដល់ម៉ោង។ សម្តេចថា ឲ្យតែដល់វ៉ៃខ្នោះគ្រឹប គ្មានបរទេសមកជួយបានទេ កុំចាត់ទុកថា សំណុំរឿងរសើបប៉ះពាល់ជាមួយប្រទេសនេះប្រទេសនោះ គឺអត់ទេព្រោះនាងជាជនជាតិខ្មែរ។ សម្ដេចបញ្ជាក់បន្ថែមថា ទោះបីបរទេសមកធ្វើកំហុសនៅស្រុកខ្មែរ ក៏ខ្មែរមានសិទ្ធិកាត់ទោសដាក់គុកនៅស្រុកខ្មែរដែរ ៕