តូក្យូ ៖ លោក Yevgeny Prigozhin ស្ថាបនិកក្រុមទាហានស៊ីឈ្នួល Wagner បានទៅដល់ប្រទេសបេឡារុស្ស តាមផ្លូវអាកាសកាលពីថ្ងៃអង្គារ បន្ទាប់ពីការបះបោរយោធារយៈពេលខ្លីក្នុងប្រទេសរុស្ស៊ី នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មានរដ្ឋរបស់ប្រទេសបេឡារុស្ស។
លោក Lukashenko ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន និងដែលបានចុះកិច្ចព្រមព្រៀងជាមួយលោក Prigozhin ដើម្បីបញ្ឈប់ការបះបោរ ដែលបានផ្ទុះឡើងកាលពីថ្ងៃសុក្រ បានឲ្យដឹងថា ប្រទេសនេះនឹងផ្តល់ការធានាសន្តិសុខដល់ស្ថាបនិក Wagner Group និងយុទ្ធជនរបស់លោក។
ប្រធានាធិបតី ដែលជាអ្នកស្គាល់គ្នាយូរមកហើយរបស់លោក Prigozhin ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារនេះថា បេឡារុស្ស នឹងផ្តល់ជូនក្រុម Wagner Group នូវមូលដ្ឋានយោធា ដែលគេបោះបង់ចោល និងជំនួយចាំបាច់ផ្សេងទៀត។
ក្រុមនេះបានប្រយុទ្ធជាមួយយោធារុស្ស៊ីនៅក្នុងសង្គ្រាមរបស់ទីក្រុងម៉ូស្គូ ប្រឆាំងនឹងអ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈឆ្នាំ២០២២។លោកប្រធានាធិបតីបានឲ្យដឹងថា ខណៈពេលដែលក្រុមនេះនឹងត្រូវបានឃ្លាំមើលនៅក្នុងប្រទេសបេឡារុស្ស កងទ័ពក្នុងស្រុកអាចទទួលបានការបណ្តុះបណ្តាលពីទាហានស៊ីឈ្នួល និងរៀនពីបទពិសោធន៍ប្រយុទ្ធរបស់ពួកគេ ដោយហៅវាថា “មិនអាចកាត់ថ្លៃបាន” នេះបើយោងតាមទីភ្នាក់ងារនេះ។
លោក Lukashenko បានលើកឡើងថា លោកបាននិយាយដោយផ្ទាល់ជាមួយលោក Prigozhin ច្រើនដងហើយដែលនៅទីបំផុត បានទម្លាក់ការទាមទាររបស់លោក ឱ្យរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu និងប្រធានអគ្គសេនាធិការរុស្ស៊ីឧត្តមសេនីយ៍ Valery Gerasimov ត្រូវបានបណ្តេញចេញពីតួនាទីរបស់ពួកគេ។
ទីភ្នាក់ងារនេះបានបន្ថែមថា ក្នុងអំឡុងពេលកិច្ចពិភាក្សា លោក Lukashenko បានបញ្ជាក់ថា លោកបានធានា “សុវត្ថិភាពដាច់ខាត” របស់លោក Prigozhin និងយុទ្ធជនរបស់លោក ដែលចាកចេញពីប្រទេសរុស្ស៊ី៕ ប្រែសម្រួល ឈូក បូរ៉ា