បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្សីលោក Sergey Lavrov កាលពីថ្ងៃពុធម្សិលមិញនេះ បានលើកឡើងថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន និងសម្ព័ន្ធមិត្តនឹងមិនអនុញ្ញាតិឲ្យ ប្រជាជាតិទាំងឡាយណាដែលមាន ជំហប្រឆាំងផែនការរបស់ពួកគេ ក្នុងការអនុវត្តគោលនយោបាយដើម្បីទាក់ទាញ យកអត្ថប្រយោជន៍ផ្ទាល់ខ្លួនឡើយ។
យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា លោករដ្ឋមន្ត្រីរូបនេះក៏បានកត់សំគាល់ ទៅលើបញ្ហានៃការប្រឈមមុខដាក់គ្នា រវាងប្រទេសរុស្សីនិងលោកខាងលិច ដែលកំពុងបន្តនោះវាគឺជា សង្គ្រាមរបស់ពិភពលោកទាំងមូល ពីព្រោះវាពាក់ព័ន្ធនឹងវិធីសាស្រ្តមិនចូលរួមគ្នា ទៅនឹងនយោបាយអន្តរជាតិឡើយ។
លោករដ្ឋមន្ត្រីបានពោលថា៖ បើប្រទេសណាមួយព្យាយាម ការពារផលប្រយោជន៍ជាតិរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ និងម៉ត់ចត់ នោះលោកខាងលិចក៏ងាកមកប្រឆាំងភ្លាមដែរ។ជាក់ស្តែងរុស្សីនៅតែជាគោលដៅ គម្រាមកំហែងធំបំផុតដែលបានរៀបចំឡើង ដោយអាមេរិកនិងលោកខាងលិច និងជាសត្រូវបែបយុទ្ធសាស្ត្រផងដែរ។
គួរឲ្យដឹងដែរថាអ្នកការទូតកំពូលរុស្ស៊ី ក៏បានលើកឡើងផងដែរថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តបានកេងចំណេញយ៉ាងច្រើន ចេញពីគោលការណ៍ដែលពួកគេ ធ្លាប់បានប្រកាសថាមិនអាចរំលោភបំពានបាន ៕
ប្រែសម្រួល៖ ស៊ុន លី