កំពង់ចាម ៖ លោកស្រី ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២៣ បានអញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវស្នាក់ការសហគមន៍ ទេសចរណ៍កែច្នៃ វត្ថុអនុស្សាវរីយ៍ ស្ថិតនៅភូមិកំពង់រលីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ។
ស្ថិតក្នុងឱកាសនោះ លោកស្រី ញូង ចរិយា បានមានប្រសាសន៍កោតសរសើរ ដល់ការខិតខំប្រឹងប្រែង របស់សាខាសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តកំពង់ចាម រួមជាមួយបងប្អូន ក្នុងសហគមន៍ជាស្ត្រី ដែលបានបណ្ដុះបណ្ដាល កែច្នៃវត្ថុពីកំប្លោក ឬស្សី និងស្លឹកត្នោត ធ្វើជាសម្ភារៈប្រើប្រាស់ វត្ថុអនុស្សាវរីយ៍ផ្សេងៗ ក្នុងគោលបំណងដើម្បីដោះស្រាយជីវភាព បង្កើនប្រាក់ចំណូលបន្ថែមទៀត លើកកម្ពស់កម្រិតជីវភាពគ្រួសារ របស់បងប្អូនប្រជាពលរដ្ឋ ។
លោកស្រី ញូង ចរិយា បន្តថា នេះគឺជាការលើកកម្ពស់ស្ត្រី ដើម្បីថែរក្សានូវសុខសន្តិភាព ស្ថិរភាព និងរក្សាការពារ បាននូវអាយុជីវិតរបស់ប្រជាពលរដ្ឋ ដែលចំណុចនេះអាចបញ្ជាក់បានថា ការអភិវឌ្ឍន៍ប្រទេស គឺមិនអាចខ្វះ ពីការចូលរួមរបស់ស្ត្រីបានទេ ដោយយើងបានដឹងឮ នឹងឃើញទាំងអស់គ្នាហើយ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយ បញ្ញាញាណរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពីមួយអាណត្តិ ទៅមួយអាណត្តិ បានដាក់ចេញ នូវគោលការណ៍ លើកកម្ពស់ស្ត្រីជាបន្តបន្ទាប់ ៕