ព័ត៌មានអន្តរជាតិ

ទីក្រុងមូស្គូ ទំនងជាចាប់ឃុំខ្លួន ឧត្តមសេនីយ៍របស់ខ្លួន ជុំវិញការសង្ស័យថា មានទំនាក់ទំនងទៅនឹងការបះបោរ Wagner

VOA

បរទេស៖ យោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា អាជ្ញាធររុស្ស៊ីហាក់ដូចជា បានឃុំខ្លួនឧត្តមសេនីយ៍ ស័រហ្គេ ស៊ូរ៉ូវីគីន (Sergei Surovikin) ជុំវិញការសង្ស័យថា ឧត្តមសេនីយ៍រូបនេះ មានទំនាក់ទំនងទៅនឹងការបះបោរ របស់ក្រុមទាហានស៊ីឈ្នួល Wagner កាលពីសប្តាហ៍មុន។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ព័ត៌មានលម្អិតជាក់លាក់ជុំវិញស្ថានភាព របស់ឧត្តមសេនីយ៍ ស័រហ្គេ ស៊ូរ៉ូវីគីន នៅតែមិនច្បាស់ ប៉ុន្តែមន្ត្រីកំពូលរបស់រុស្ស៊ី និងសហរដ្ឋអាមេរិកបាននិយាយថា ឧត្តមសេនីយឯករូបនេះត្រូវបានឃុំខ្លួន, នេះបើយោងតាមកាសែត Financial Times និង The New York Times បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍។

សំណួរអំពីកន្លែងលាក់ខ្លួនរបស់លោក ស័រហ្គេ ស៊ូរ៉ូវីគីន បានផ្ទុះឡើងជាច្រើនថ្ងៃ ដោយសារតែឧត្តមសេនីយ៍រូបនេះ មិនត្រូវបានគេឃើញជាសាធារណៈ ចាប់តាំងពីថ្ងៃទី ២៤ ខែមិថុនា នៅពេលដែលក្រុមយោធាស៊ីឈ្នួល Wagner បាននាំគ្នាធ្វើដំណើរននៅឆ្ពោះមកកាន់ទីក្រុងម៉ូស្គូ។ ឧត្តមសេនីយ៍ ស័រហ្គេ ស៊ូរ៉ូវីគីន ត្រូវបានគេដឹងថា មានទំនាក់ទំនងល្អជាមួយមេដឹកនាំ Wagner គឺ គឺលោក យីវជិននី ព្រីហ្គោស៊ីន (Yevgeny Prigozhin)។

គេមិនច្បាស់ទេថាតើលោក ស័រហ្គេ ស៊ូរ៉ូវីគីន ដែលជាមេបញ្ជាការរងនៃ កងកម្លាំងឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន ត្រូវបានចោទប្រកាន់ជាផ្លូវការ ពីបទដើរតួក្នុងការបះបោរ ឬគ្រាន់តែត្រូវបានឃុំខ្លួនដើម្បីសាកសួរ ឬយ៉ាងណានោះទេ។

ប៉ុន្តែ​យ៉ាងណាក៏ដោយ ទីក្រុង​ម៉ូស្គូ​មិន​ទាន់​បាន​បញ្ជាក់​ជា​សាធារណៈ នូវ​អ្វី​ដែល​បាន​កើត​ឡើង​ ចំពោះ​ឧត្តមសេនីយ៍រូបនេះឡើយ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) បានប្រាប់អ្នកយកព័ត៌មានថា លោកមិនអាចបញ្ជាក់ពីស្ថានភាពអំពីលោក Surovikin បានទេ ហើយបាននិយាយថា អ្នកសារព័ត៌មានគួរតែទាក់ទងក្រសួងការពារជាតិ។

លោក ស័រហ្គេ ស៊ូរ៉ូវីគីន បានបង្ហាញខ្លួននៅក្នុងវីដេអូមួយ កាលពីថ្ងៃសៅរ៍ដោយជំរុញឱ្យក្រុមទាហានស៊ីឈ្នួល Wagner បញ្ឈប់សកម្មភាពណាមួយ ប្រឆាំងនឹងកងទ័ព ហើយត្រឡប់ទៅមូលដ្ឋានរបស់ពួកគេវិញ។

កូនស្រីរបស់គាត់ គឺនាង វ័ររ៉ូនីកា (Veronika) បាននិយាយថា “អ្វីគ្រប់យ៉ាងគឺល្អ” ជាមួយឪពុករបស់នាង។ នាងបានប្រាប់សារព័ត៌មានរុស្ស៊ី Baza ថា “និយាយតាមត្រង់ទៅ គ្មានអ្វីកើតឡើងចំពោះគាត់ទេ, គាត់នៅកន្លែងធ្វើការ”៕

ប្រែសម្រួលៈ ណៃ តុលា

To Top