បរទេស៖ យោធាបាននិយាយថា យន្តហោះប្រភេទ T-27 Tucano របស់កងទ័ពអាកាសកូឡុំប៊ី ២គ្រឿងបានបុកគ្នានៅកណ្តាលអាកាស អំឡុងពេលហោះហើរហ្វឹកហាត់នៅជិតមូលដ្ឋានអាកាស Apiay កាលពីថ្ងៃអាទិត្យ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយកងទ័ពអាកាស គឺអ្នកបើកយន្តហោះម្នាក់ដែលមានឋានន្តរសក្កិ វរសេនីយ៍ទោបានស្លាប់។
យោធាបាននិយាយទៀតថា “គណៈកម្មការត្រួតពិនិត្យមួយត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ នៃឧប្បត្តិហេតុដើម្បីកំណត់ពីមូលហេតុ នៃការប៉ះទង្គិចគ្នា” ។
វីដេអូមួយដែលបានបង្ហោះក្នុងបណ្តាញសង្គម បានបង្ហាញពីពេល នៃឧបទ្ទវហេតុ។ យន្តហោះជាច្រើនត្រូវបានគេមើលឃើញថា កំពុងហោះហើរនៅជិតគ្នា ហើយនៅចំណុចមួយ ស្លាបរបស់យន្តហោះមួយបានផ្ទុះឡើងជាអណ្តាតភ្លើង។
អ្នកបើកយន្តហោះត្រូវបានគេរាយការណ៍ថា កំពុងហ្វឹកហាត់សម្រាប់ការតាំងពិពណ៌អាកាសនៅថ្ងៃទី ២០ ខែកក្កដានៅក្នុងទីក្រុង Rionegro ។ T-27 គឺជាកំណែនៃយន្តហោះវាយប្រហារធុនស្រាល Embraer 312 Tucano turboprop ៕ ប្រែសម្រួលៈ ណៃ តុលា