ក្រុង CAPE TOWN ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ថា បណ្តាញសង្គម TikTok បានវ៉ាដាច់បណ្តាញសង្គម Instagram ដោយទទួលបានចំណាត់ថ្នាក់ទី២ក្នុងចំណោមវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម”ធំៗចំនួន៥” នៅអាហ្រ្វិកខាងត្បូង ដែលប្រជែងនឹងការគ្រប់គ្រងរបស់បណ្តាញសង្គម Facebook នៅក្នុងប្រទេសនេះ ។
យោងតាមការសិក្សារបស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រចាំនៅអាហ្វ្រិកខាងត្បូង ប្រចាំឆ្នាំ២០២៣ ដែលចេញផ្សាយដោយក្រុមហ៊ុនប្រឹក្សាដែលម៉ាកយីហោឈ្មោះ Ornico និងផ្ទះស្រាវជ្រាវទីផ្សារពិភពលោក Worx និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា បណ្តាញសង្គម Facebook បានជ្រៀតចូលចំនួន៥៦,៧ភាគរយ នៃជនជាតិអាហ្រ្វិកខាងត្បូង ដែលមានអាយុពី១៥ឆ្នាំឡើងនៅក្នុងតំបន់ទីក្រុង នៅតែបន្តគ្របដណ្តប់លើវិស័យប្រព័ន្ធផ្សព្វផ្សាយសង្គម ។
តាមការសិក្សាបានឲ្យដឹងថា ទោះជាយ៉ាងនេះក្តី បណ្តាញសង្គម TikTok មានការរីកចម្រើនយ៉ាងឆាប់រហ័ស និងបានវ៉ាដាច់បណ្តាញសង្គម Instagram ដើម្បីដណ្តើមតំណែងទី២ ដែលមានចំនួន៣០,៦ភាគរយ ។
ការអំពាវនាវរបស់វេទិកាមួយនេះក៏ពង្រីកលើសពីទស្សនិកជនគោលដៅដែលមានអាយុក្រោម១៥ឆ្នាំផងដែរ ដោយពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងទីផ្សារ១៥+។
ការសិក្សាបានឲ្យដឹងថា បណ្តាញសង្គម Instagram រក្សាបាននូវប្រជាប្រិយភាពរបស់ខ្លួន នៅក្នុងចំណោមអ្នកប្រើប្រាស់ ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅអាហ្រ្វិកខាងត្បូង ដែលមានអត្រាជ្រៀតចូល២៧,៦ភាគរយ ខណៈដែលបណ្តាញសង្គម Twitter នៅតែស្ថិតក្នុងលំដាប់ទី៤ដដែល ដោយមានចំនួន២២,៥ភាគរយ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា