ព័ត៌មានជាតិ

កម្ពុជា-អាមេរិក បន្តពង្រីកកិច្ចសហប្រតិបត្តិការ សំដៅបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគទុន

រូបភាព៖ ក្រសួងការងារ

ភ្នំពេញ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក ផាទ្រីក មូរហ្វ៊ី (W.Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា បានប្ដេជ្ញាបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ សំដៅបង្កើនទំហំពាណិជ្ជកម្ម វិនិយោគទុន និងបង្កើតឱកាសការងារបន្ថែមទៀត។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងការងារ។

ក្នុងជំនួបពិភាក្សាការងាររវាង លោក អ៊ិត សំហេង ជាមួយ លោក ឯកអគ្គរដ្ឋទូតអាមេរិក នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ ភាគីទាំងពីរបានពិភាក្សា លើការពង្រឹងកិច្ចសហប្រតិបត្តិការ សំដៅពង្រឹងពង្រីកទំនាក់ទំនង កម្ពុជា-អាមេរិកឲ្យកាន់តែមាន លក្ខណ:គ្រប់ជ្រុងជ្រោយ ដើម្បីបង្កើនវិនិយោគទុនរបស់ខ្លួន នៅកម្ពុជាក្នុងវិស័យជាច្រើនទៀត។

ទន្ទឹមនឹងនេះ ភាគីទាំងពីរ បានពិភាក្សាលើអនុសាសន៍មួយចំនួន ដូចជាករណីពលកម្មកុមារ អំពើជួញដូរមនុស្ស ការធ្វើអធិការកិច្ចទីភ្នាក់ងារបញ្ជូនពលករ ដើម្បីធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលករ ការធានានិរន្តរភាពនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល និងការបន្តធ្វើឱ្យប្រសើរឡើង នូវសិទ្ធិសេរីភាពអង្គការវិជ្ជាជីវ: និងបន្តអនុលោមភាពស្រប តាមបទដ្ឋានការងារអន្តរជាតិ ដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័ន។ ភាគី អាមេរិក នឹងផ្តល់កិច្ចសហប្រតិបត្តិការជាច្រើនទៀត ពិសេសលើវិស័យបណ្តុះបណ្តាលជំនាញវិជ្ជាជីវ: ដើម្បីរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

លើសពីនេះ លោក ឯកអគ្គរដ្ឋទូត បានបង្ហាញពីការកត់សម្គាល់នូវវឌ្ឍនភាព នៃការស្តារឡើងវិញយ៉ាង ឆាប់រហ័សនូវសេដ្ឋកិច្ចកម្ពុជា អាស្រ័យការគ្រប់គ្រង់បានយ៉ាងល្អនូវជំងឺកូវីដ-១៩ អត្រានៃការវ៉ាក់សាំងខ្ពស់ ដែលធានាឱ្យមានការបើកដំណើរការសង្គម សេដ្ឋកិច្ចឡើងវិញបាន ពេញលេញយ៉ាងឆាប់រហ័ស។ ជាមួយគ្នានេះ ការធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ សេរីភាពអង្គការវិជ្ជាជីវ: សិទ្ធការងារ និងការផ្តល់នូវកិច្ចគាំពារសង្គម តាមរយ:កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលទាំងនេះសុទ្ធតែជាកត្តាទាក់ទាញ់វិនិយោគទុន និងការបញ្ជាទិញទំនិញពីកម្ពុជា ទៅទីផ្សារសហរដ្ឋអាមេរិក បើទោះជានៅមានកង្វល់ និងបញ្ហាសេសសល់ខ្លះដែលភាគីទាំងពីរ កំពុងរួមគ្នាក្នុងការស្វែងរកដំណោះស្រាយក៏ដោយ ៕

To Top