បរទេស ៖ លោក Aleksey Reznikov រដ្ឋមន្ត្រីការពារជាតិ របស់អ៊ុយក្រែន បានការអះអាងថា យោធាខ្លួនបានបាញ់ ទម្លាក់មីស៊ីលលឿន ជាងសំឡេងរបស់រុស្ស៊ី ប៉ុន្តែការអះអាងនេះបានជំរុញ ឲ្យមានការបង្ហាញពីការមិនជឿ ពីមន្ត្រីចិនដែលមកទស្សនកិច្ច នៅក្នុងទីក្រុងគៀវ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រតិកម្មនេះត្រូវបានពិពណ៌នាដោយកាសែត Financial Times កាលពីថ្ងៃពុធដោយផ្អែកលើគណនី របស់រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន។ នាយកដ្ឋានរបស់លោក Reznikov បានអះអាងថា ខ្លួនបានស្ទាក់ចាប់មីស៊ីល Kinzhal របស់រុស្ស៊ីជាលើកដំបូង នៅក្នុងខែឧសភា ដោយប្រើប្រាស់ប្រព័ន្ធប្រឆាំងមីស៊ីល Patriot ដែលផលិត ដោយសហរដ្ឋអាមេរិក។ ចាប់តាំងពីពេលនោះមក រដ្ឋាភិបាលទីក្រុងគៀវ បានរាយការណ៍ពីការបាញ់ទម្លាក់ អាវុធបែបនេះជាច្រើនគ្រាប់ ដែលទីក្រុងមូស្គូបានចំអកថា មិនស៊ីគ្នានឹងការពិត ។
មន្ត្រីអ៊ុយក្រែនបានប្រកាសថា ប្រជាជាតិរបស់លោកបាន បង្ហាញឱ្យឃើញថា អាវុធល្បឿនលឿនជាងសំឡេងអាចត្រូវ បានការពារប្រឆាំង ដោយបង្ហាញនៅក្នុងដំណើរ ការនូវសមត្ថភាព កម្រិតខ្ពស់ នៃប្រព័ន្ធណាតូ ។ លោកបានអះអាងថា នៅពេលដែលលោកបានផ្សាយ ព័ត៌មាននៃការទទួលបានជោគជ័យដំបូង ដល់មន្ត្រីសហរដ្ឋអាមេរិក ការឆ្លើយតបមកវិញគឺថា «អស្ចារ្យណាស់!»។
ប៉ុន្តែយ៉ាងណាក៏ដោយ លោក Li Hui ដែលជាអ្នកតំណាងពិសេសរបស់ប្រទេសចិន សម្រាប់កិច្ចការអឺរ៉ាស៊ី ដែលបានទៅបំពេញទស្សនកិច្ចនៅទីក្រុងគៀវ ប្រទេសអ៊ុយក្រែន កាលពីពាក់កណ្តាលខែឧសភា មានការសង្ស័យអំពីសមត្ថភាព របស់ទីក្រុងគៀវ ក្នុងការទម្លាក់មីស៊ីលប្រភេទ Kinzhals ៕
ប្រែសម្រួលៈ ណៃ តុលា