ព័ត៌មានអន្តរជាតិ

មូលដ្ឋានទ័ពអាមេរិក នៅ ភាគខាងលិច ក្រុងតូក្យូ មានករណីលេចធ្លាយបំពង់ពន្លត់អគ្គីភ័យ៣លើក បង្កឲ្យមានក្តីបារម្ភដល់សុខភាព

រូបភាពពី៖​ KYODO

តូក្យូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍មកថា មូលដ្ឋានទ័ព Yokota របស់សហរដ្ឋអាមេរិក ប្រចាំនៅតំបន់ភាគខាងលិច នៃទីក្រុងតូក្យូ របស់ប្រទេសជប៉ុន បានទទួលស្គាល់អំពីឧប្បត្តិហេតុចំនួន៣លើក នៃការលេចធ្លាយពាក់ព័ន្ធនឹងបំពង់ពន្លត់អគ្គីភ័យ ដែលមានផ្ទុកសារធាតុម្យ៉ាង ហៅកាត់ថា PFAS ដែលជាក្រុម នៃសមាសធាតុហ្វ្លុយអូរីនសរីរាង្គ ដែលវាបង្កើនការបារម្ភដល់សុខភាព ។

កាសែតជប៉ុន Asahi Shimbun បានរាយការណ៍ឲ្យដឹងថា នេះជាលើកទីមួយហើយដែលយោធាអាមេរិក បានទទួលស្គាល់ការលេចធ្លាយបំពង់ពន្លត់អគ្គីភ័យនៅមូលដ្ឋាន Yokota ដែលមានករណីនេះកើតឡើង ។

គួររំលឹកថា ឧប្បត្តិហេតុនេះបានកើតឡើងនៅក្នុងខែមករា ឆ្នាំ២០១០ ក៏ដូចជានៅក្នុងខែតុលា និងខែវិច្ឆិកា ឆ្នាំ២០១២ ហើយពាក់ព័ន្ធនឹងការលេចធ្លាយចេញពីធុងផ្ទុក និងធុងធំ ។

កាសែតដដែលនេះបានរាយការណ៍ថា យោធាអាមេរិកបានអះអាងថា មិនមានការទទួលស្គាល់លំហូរចេញណាមួយនៅខាងក្រៅមូលដ្ឋាននោះទេ ទោះបីជាពួកគេមិនបានផ្តល់ព័ត៌មានលម្អិតទាក់ទងនឹងចំនួនដែលបានលេចធ្លាយក៏ដោយ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

រូបភាពពី៖​ XINHUA
To Top