តេអេរ៉ង់ ៖ អ៊ីរ៉ង់បានបញ្ជាក់ជាថ្មីកាលពីថ្ងៃពុធថា ខ្លួនទាមទារការទទួលខុសត្រូវរបស់អ៊ីស្រាអែល ចំពោះការចាប់ពង្រត់ជនជាតិអ៊ីរ៉ង់ ៤នាក់នៅលីបង់ កាលពីជាង៤ទសវត្សរ៍មុន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនជាតិអ៊ីរ៉ង់ ត្រូវបានចាប់ពង្រត់នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ១៩៨២ នៅពេលដែលប្រទេសលីបង់ ត្រូវបានកាន់កាប់ដោយអ៊ីស្រាអែល ប៉ុន្តែនៅក្រោមអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ភាគីកាន់កាប់ទទួលខុសត្រូវចំពោះការការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជននៅក្នុងប្រទេសដែលកាន់កាប់ និងបានចុះផ្សាយនៅលើគេហទំព័ររបស់ខ្លួន ដើម្បីប្រារព្ធខួបនៃឧប្បត្តិហេតុចាប់ជំរិតនេះ។
ក្រសួងបានបន្ថែមថា អ៊ីរ៉ង់ ទាមទារឱ្យស្ថាប័នសិទ្ធិមនុស្សអន្តរជាតិ និងអង្គការសិទ្ធិមនុស្ស បំពេញកាតព្វកិច្ចផ្លូវច្បាប់ និងមនុស្សធម៌ ដើម្បីឲ្យអ៊ីស្រាអែល ទទួលខុសត្រូវ ចំពោះឧបទ្ទវហេតុនេះ ។
កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ១៩៨២ អ្នកការទូតអ៊ីរ៉ង់ ៣នាក់ និងអ្នកកាសែតអ៊ីរ៉ង់ ម្នាក់ ត្រូវបានចាប់ពង្រត់ដោយខ្មាន់កាំភ្លើងនៅប៉ុស្តិ៍ ត្រួតពិនិត្យមួយនៅភាគខាងជើងប្រទេសលីបង់។ អ៊ីរ៉ង់ អះអាងថា ខ្មាន់កាំភ្លើងជាទាហានស៊ីឈ្នួលរបស់អ៊ីស្រាអែល ប៉ុន្តែអ៊ីស្រាអែល បានបដិសេធរាល់ការជាប់ពាក់ព័ន្ធ ដែលត្រូវបានចោទប្រកាន់នេះ៕ ប្រែសម្រួល ឈូក បូរ៉ា