ព្រះសីហនុ៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ក្នុងពីធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ នារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ បានសម្តែងការគាំទ្រ និងបញ្ជាក់ថា កំពង់ផែទេសចេណ៏ថ្មីនេះ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកស្ទួយដល់ វិស័យទេសចរណ៍ រួមចំណែកជាមួយរាជរដ្ឋាភិបាល ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកំសាន្តខេត្តព្រះសីហនុ កាន់តែច្រើនបន្ថែមទៀត។
គួរឲ្យដឹងថាពិធីខាងលើនេះ មានការអញ្ជើញចូលរួម ពីសំណាក់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ លោក លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកកំពង់ផែអន្តរជាតិ ខេត្តព្រះសីហនុ ព្រមទាំងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាលកម្ពុជា និងអ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជី.ធី.វី.ស៊ី អីមផតអិចផត ខូអិលធីឌី (G.T.V.C Import Export Co., Ltd.) និងជាប្រធានសមាគម ភ្នាក់ងារដឹកជញ្ជូន ទេសចរណ៍ ជលយានខេត្តព្រះសីហនុ រួមទាំងលោក លោកស្រី ប្រតិបត្តិករទេសចរណ៍ និងវិនិយោគិនជាច្រើនរូប ទៀតផង ដែរ។
អ្នកឧកញ៉ា ទៀ វិចិត្រ បានឱ្យដឹងថា ដោយមានការជំរុញនិងលើកទឹកចិត្តពីរដ្ឋបាលខេត្ត លើវិស័យទេសចរណ៍ផ្លូវទឹក និងទទួលបានការអនុញ្ញាត ពីប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកកំពង់ផែអន្តរជាតិ ខេត្តព្រះសីហនុ ក្រុមហ៊ុន G.T.V.C IMPORT EXPORT CO.LTD បានទទួលសិទ្ធវិនិយោគ ពីកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ដែលស្ថិតនៅច្រកទី១ លើផ្ទៃដី ប្រមាណ ២២,០០០ម៉ែត្រការេ និងមានកំពង់ផែ ដែលអាចចេញចូល អូប័រទេសចរណ៍តូចធំ ២០គ្រឿង ក្នុងពេលតែមួយ។ កំពង់ផែមួយនេះ គឺជាទីចំណតដ៏សុវត្ថិភាពតែមួយគត់ ដែលមានលក្ខណៈសម្បត្តិពេញលេញ សក្កិសមជាកំពង់ផែទេសចរណ៍ ដ៏មានសក្តានុពលប្រចាំខេត្តព្រះសីហនុ។
ការវិនិយោគដ៏មានតម្លៃមួយនេះ និងធ្វើឱ្យមានភាពល្អប្រសើរឡើង ក្នុងការទទួលបដិសណ្ឋារកិច្ច ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ដែលបានធ្វើដំណើរមកពីបណ្តាប្រទេសនានា ទូទាំងសកលលោក ពីព្រោះថាកំពង់ផែទេសចរណ៍នេះ គឺជាផ្នែកមួយដើតួយ៉ាងសំខាន់ ក្នុងការលើកស្ទួយដល់វិស័យទេសចរណ៍ តាមបណ្តាកោះក្នុងខេត្តព្រះសីហនុផងដែរ។
ឱកាសនោះ លោក គួច ចំរើន ក៏បានស្នើសុំការគាំទ្រ ពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើការរៀបចំកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ទៅជាកំពង់ផែទេសចរណ៍អន្តរជាតិ ដើម្បីធ្វើការផ្លាស់ប្តូរភ្ញៀវទេសចរ មកពីថៃ និងវៀមណាម និងលំហូរពីបណ្តាប្រទេសដ៏ទៃទៀត ឱ្យមានការផ្លាស់ប្តូរទេសចរទៅមកផងដែរ។
ជាមួយគ្នានេះដែរ លោកបណ្ឌិត ថោង ខុន មានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, កម្ពុជាទទួលបានសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមយ៉ាងពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស វិស័យទេសចរណ៍កម្ពុជា បានរីកលូតលាស់គួរជាទីមោទនៈ ដោយត្រូវបានចាត់ទុកថាជា «មាសបៃតង» ដែលបានដើរតួនាទី ជាចន្ទុលគន្លឹះ មួយ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនចំណូលជូនជាតិ ព្រមទាំងការបង្កើតការងារ និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ ហើយកំពង់ផែទេសចរណ៍នេះ គឺជាសម្បទាទេសចរណ៍ដ៏សំខាន់មួយ ដែលនឹងផ្តល់នូវភាពងាយស្រួល សន្តិសុខសណ្តាប់ធ្នាប់ល្អ ជូនដល់ភ្ញៀវទេសចរមកពីគ្រប់ទិសទី ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើតឱកាសការងារ និងដើរតួនាទី យ៉ាងសំខាន់ ក្នុងការលើកស្ទួយដល់វិស័យទេសចរណ៍ តាមបណ្តាកោះក្នុងខេត្តព្រះសីហនុ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកំសាន្តកាន់តែច្រើនថែមទៀត។ វិស័យទេសចរណ៍ «ទេសចរណ៍វប្បធម៌ និងធម្មជាតិ» ជាវិស័យអាទិភាពមួយយ៉ាងសំខាន់ ក្នុងការជំរុញកំណើនម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម សំដៅជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច និងធ្វើឱ្យមានការប្រែប្រួលផ្នែកហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ពិសេសជំរុញឱ្យមាន ការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា។
ជាមួយគ្នានេះ លោក ថោង ខុន ក៏បានបង្ហាញជំនឿយ៉ាងមុតមាំថា កំពងផែទេសចរណ៍ថ្មីនេះ មិនត្រឹមតែជាសម្បទាទេសចរណ៍ដ៏សំខាន់មួយ ដើរតួនាទីក្នុងការទាក់ទាញភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ មកកាន់កម្ពុជានិយាយជារួម និងមកកាន់ខេត្តព្រះសីហនុ និយាយដោយឡែកឱ្យមកលេងកំសាន្ត កាន់តែច្រើននិងពន្យាការស្នាក់នៅ កាន់តែយូរថ្ងៃថែមទៀតផងដែរ។ ហើយក៏ជាការចូលរួមចំណែកជាមួយរដ្ឋាភិបាល លើវិស័យទេសចរណ៍ បម្រើនិងផ្តល់ សេវាប្រកបដោយគុណភាព និងសុវត្ថិភាព, បង្កើតឱកាសការងារជូន ប្រជាពលរដ្ឋផងដែរ៕