ភ្នំពេញ ៖ ខណៈការបោះឆ្នោត កាន់តែខិតចូលមកដល់ បែរជាអ្នកមួយចំនួន ដែលមានឈាមជ័រជាខ្មែរ រស់នៅក្រៅប្រទេស គ្រោងនាំគ្នាធ្វើបាតុកម្ម ប៉ុន្តែលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានស្នើឲ្យពួកគេធ្វើការ ពិចារណាឡើងវិញ ។
ការឲ្យត្រិះរិះពិចារណា ត្រូវបានលោកហង្ស ពុទ្ធា អះអាងថា ព្រោះមិនបានឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែង ក្នុងសង្គមកម្ពុជា ដែលពួកគេយល់មិនច្បាស់ ហើយជឿ តាមការញុះញុងរបស់បុគ្គលខ្លះ ។
ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមខ្សែទូរស័ព្ទនាថ្ងៃ៧ កក្កដា នេះ លោក ហង្ស ពុទ្ធាគូសបញ្ជាក់បន្ថែមថា “អ្នកគ្រោងនឹងចូលរួមធ្វើបាតុកម្ម គួរតែពិចារណាឡើងវិញ ។ អ្វីៗគួរតែរិះគិតពិចារណាដោយខ្លួនឯង កុំគ្រាន់តែលឺតាមគេ ឬមានការញុះញុងណាមួយ” ។
អ្នកនាំពាក្យគ.ជ.បបន្តថា ចំពោះគម្រោងបាតុកម្ម របស់ខ្មែរនៅក្រៅប្រទេសនេះ ខុសទៅនឹងរដ្ឋធម្មនុញ្ញកម្ពុជា និងមិនបានគោរពទៅ តាមការអំពាវនាវ របស់ព្រះមហាក្សត្រឲ្យប្រជានុរាស្រ្ត ទៅបោះឆ្នោតគ្រប់គ្នាៗ ដែលគ្រប់អាយុនៅក្នុងបញ្ជីបោះឆ្នោត ប្រមាណជា៩លាននាក់ ។
ក្នុងនាមគ.ជ.ប លោកសង្ឃឹមថា ពលរដ្ឋនឹងទៅបោះឆ្នោតគ្រប់ៗគ្នា ព្រោះកាលពីអាណត្តិទី៦ ក៏មានការអំពាវនាវមិនឲ្យទៅបោះឆ្នោតដែរ ប៉ុន្តែចលនាពលរដ្ឋ ទៅបោះឆ្នោតនៅតែទៅគ្រប់ចំនួន ។
បើតាមការផ្សព្វផ្សាយពីវិទ្យុបារាំង នាថ្ងៃ៤ កក្កដា គឺមានពលរដ្ឋខ្មែរនៅអូស្ត្រាលី គ្រោងធ្វើបាតុកម្ម នៅពាក់កណ្តាលខែកក្កដាខាងមុខនេះ ពោលមុនការបោះឆ្នោតថ្នាក់ជាតិ តែ៦ថ្ងៃប៉ុណ្ណោះ ក្នុងគោលបំណងប្រឆាំងការបោះឆ្នោត ដោយពួកគេចាត់ទុកថា ជាការបោះឆ្នោតក្លែងក្លាយ ដើម្បីបំពេញតម្រូវការ របស់គណបក្សកាន់អំណាចប៉ុណ្ណោះ ដែលមានប្រមុខដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ៕