ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវចំពោះគ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់អនុញ្ញាតឲ្យនិយោជិត កម្មករ-កម្មការិនី បានធ្វើដំណើរទៅបោះឆ្នោត នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆាំ្ន២០២៣ ខាងមុខនេះ។
តាមរយៈសេចក្ដីអំពាវនាវ របស់ គ.ជ.ប នាថ្ងៃទី៧ កក្កដា នេះបានឲ្យដឹងថា នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គឺជាថ្ងៃដែលប្រជាពលរដ្ឋ ត្រូវទៅ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ។ អនុលោមតាមច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ប្រជាពលរដ្ឋដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២ មានសិទ្ធិបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ។
ដើម្បីឲ្យប្រជាពលរដ្ឋប្រើសិទ្ធិរបស់ខ្លួនស្របតាមច្បាប់ គ.ជ.ប គូសបញ្ជាក់ថា «សូមអំពាវនាវចំពោះគ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមជួយបង្កលក្ខណៈងាយស្រួល និងអនុញ្ញាត ឲ្យនិយោជិត កម្មករ-កម្មការិនី បានធ្វើដំណើរទៅបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆាំ្ន២០២៣ នៅតាមឃុំ-សង្កាត់ ដែលពួកគាត់បានចុះឈ្មោះបោះឆ្នោត»។
គ.ជ.ប សង្ឃឹមយ៉ាងមុតមាំថា គ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់ នឹងបង្កលក្ខណៈងាយស្រួល ដល់និយោជិត កម្មករ-កម្មការិនីបានទៅបោះឆ្នោត៕
