ភ្នំពេញ ៖ ក្រោយពីមានដំណោះស្រាយ រវាងភាគីពាក់ព័ន្ធ ជុំវិញករណីរដ្ឋបាលរោងចក្រស្ដារីត ២នាក់ឃុបឃិតគ្នា កាត់ប្រាក់ឧបត្ថម្ភសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ពីស្ដ្រីមានផ្ទៃពោះកាលពេលថ្មីៗ រដ្ឋបាលទាំង២នាក់នេះ ត្រូវបានអនុវត្ដតាមបទបញ្ជា របស់រោងចក្រដោយបញ្ឈប់ពីការងារ ។ ចំពោះប្រាក់ឧបត្ថម ដែលត្រូវបានកាត់យកនោះ ក៏ត្រូវប្រគល់ ឲ្យកម្មការិនីវិញអស់ហើយដែរ។ នេះបើតាមការចេញផ្សាយ របស់សម្ព័ន្ធសហជីពចលនាកម្មករ នាថ្ងៃ៧ កក្កដា ។
កម្មការិនីទាំង៣រូបនេះមានផ្ទៃពោះ៣ខែ បម្រើការងារនៅរោងចក្រ ស្ដារីត (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្ដកណ្ដាល ត្រូវបានរដ្ឋបាលរោងចក្រ កាត់ប្រាក់ឧបត្ថម្ភរបស់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងម្នាក់ៗ ១០០ដុល្លារ ដែលពួកគាត់ម្នាក់ៗ ទទួលបានប្រាក់ឧបត្ថម សរុបចំនួន២០០ដុល្លារ ក្នុងពេលជួបសំណេះសំណាលជាមួយសម្ដេច ក្នុងស្រុកអង្គស្នួល កាលពីថ្ងៃ២៩ មិថុនា ។
បើតាមថ្នាក់ដឹកនាំ សហជីពមូលដ្ឋាន នៃសម្ព័ន្ធសហជីពចលនាកម្មករលោក រតនា ដែលបានដកស្រង់សម្ដីកម្មការិនីទាំងនោះថា ដំបូងឡើយខាងរដ្ឋបាល រោងចក្រទាមទារកាត់ប្រាក់ឧបត្ថម្ភ របស់សម្ដេចក្នុងម្នាក់ៗ១០០ដុល្លារ ដោយយកលេសថា ជាថ្នូរនឹងការរៀបចំឈ្មោះ ដើម្បីចូលជួបសម្ដេច ពីមន្រ្តីរៀបចំ ខាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
កម្មការិនីរងគ្រោះម្នាក់ឈ្មោះ គឺល គឹន បានរៀបរាប់ប្រាប់សម្ព័ន្ធ សហជីពចលនាកម្មករ ពីការកាត់ប្រាក់ឧបត្ថម្ភថា “ខ្ញុំបានយកប្រដាសពិនិត្យផ្ទៃពោះ ទៅដាក់នៅកន្លែងរដ្ឋបាល កាលពីថ្ងៃអង្គារ មុនពេលជួបសម្ដេចតេជោ នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ខាងរដ្ឋបាលនិយាយថា ប្អូនមិនបានទទួល ប្រាក់ឧបត្ថម្ភ ២០០ដុល្លារ ដែលសម្ដេចឲ្យនោះទេ ពីព្រោះពួកខ្ញុំ (រដ្ឋបាល) បានបញ្ជូនឈ្មោះអ្នកមានផ្ទៃពោះទៅអស់ហើយ រហូតដល់ម៉ោង៣រសៀលថ្ងៃដដែល គាត់បានហៅខ្ញុំតែម្នាក់ឯង ទៅយកកាតចេញមុនម៉ោងម្ដងទៀត ដោយបានលើកឡើងថា ឥឡូវនេះលុយ (ប្រាក់ឧបត្ថម្ភ) បានតែប្អូនម្នាក់ទេ ប៉ុន្ដែខាងបងត្រូវយក ១០០ដុល្លារ ពេលទទួលលុយពីសម្ដេចបានហើយ ត្រូវយកមកឲ្យបង១០០ដុល្លារ”។
កម្មការិនីរូបនេះរៀបរាប់ទៀតថា “ពេលត្រឡប់មកវិញ ខ្ញុំក៏យល់ព្រមតាមគាត់ (រដ្ឋបាល) ពីព្រោះខ្ញុំគិតថា បើយើងមិនព្រមតាមគាត់ យើងក៏មិនបានលុយហ្នឹងដែរ ១០០ដុល្លារ ក៏យើងមិនបានដែរ ដោយខាងរដ្ឋបាលបានប្រាប់ថា ខ្ញុំត្រូវបានតែ ២០០០០រៀលទេ។ ប៉ុន្ដែដោយប្រាក់ដែលទទួលបាននោះ ត្រូវឲ្យទៅម្ដាយបង់ធនាគារអស់ ទើបកម្មការិនីរូបនេះ បានទៅអង្វរខាងរដ្ឋបាល ដោយបានរៀបរាប់ពីទុក្ខលំបាក និងបានប្រគល់លុយម្នាក់ៗ ២៥ដុល្លារ និងម្នាក់ទៀត ៣០ដុល្លារតែប៉ុណ្ណោះ”។
ប្រធានសម្ព័ន្ធសហជីពចលនាកម្មករលោក ប៉ាវ ស៊ីណា បានលើកឡើងថា ចំពោះទង្វើរបស់រដ្ឋបាលរោងចក្រ ស្ដារីត កាត់ប្រាក់ឧបត្ថម្ភរបស់សម្ដេចតេជោ ទាក់ទងទៅនឹងការផ្ដល់ជូនកម្មការិនីមានផ្ទៃពោះ ជារឿងមួយមិនគួរឲ្យកើតមាន ក្នុងនាមពួកគាត់ជាអ្នកគ្រប់គ្រង ដែលមានចំណេះដឹងខ្ពង់ខ្ពស់ ហើយបែរជាមកប្រព្រឹត្ដិទង្វើដ៏អាក្រក់ ដែលមិនគួរឲ្យគោរពយ៉ាងដូច្នេះ៕