បរទេស ៖ យោងតាមការចេញផ្សាយរបស់ Japan Today នៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសជប៉ុន បានចេញមកធ្វើការប្រឆាំង ទៅនឹងផែនការធ្វើសមយុទ្ធយោធារបស់កូរ៉េខាងត្បូង នៅក្បែរទៅនឹងកោះដែនជម្លោះរវាងគ្នាដោយនិយាយថាវាគឺជារឿងគួរឲ្យសោកស្តាយបំផុត។
សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយក្រសួងការបរទេសជប៉ុនបានបន្ថែមទៀតថា ខ្លួនបានធ្វើការកោះហៅមន្ត្រីជាន់ខ្ពស់របស់កូរ៉េខាងត្បូង រួចរាល់ផងដែរដើម្បីបង្ហាញ នូវការមិនពេញចិត្តលើកនេះ។
ក្រសួងបានសរសេរបន្តទៀតថា ៖ ដែនកោះ Takeshima គឺជាទឹកដីដែលមានដើមកំណើតរបស់ប្រទេសជប៉ុន ដែលមិនអាចប្រកែកបាន ដោយផ្អែកលើអង្គហេតុប្រវត្តិសាស្ត្រ និងផ្អែកលើច្បាប់អន្តរជាតិ។
គួរឲ្យដឹងដែរថាប្រជាជាតិទាំងពីរជាយូរមកហើយ ដែលបានបន្តភាពមិនត្រូវគ្នាទៅលើអធិបតេយ្យភាពរបស់ក្រុមកូនកោះដែលមានឈ្មោះថា Takeshima ក្នុងប្រទេសជប៉ុន និង Dokdo ក្នុងប្រទេសកូរ៉េ ដែលស្ថិតនៅពាក់កណ្តាលផ្លូវ រវាងប្រទេសជិតខាងអាស៊ីបូព៌ាក្នុងសមុទ្រជប៉ុន ដែលត្រូវបានគេស្គាល់ថា ជាសមុទ្រខាងកើត៕ ប្រែសម្រួល៖ស៊ុនលី