ព័ត៌មានអន្តរជាតិ

ចិន បញ្ជូនយន្តហោះចម្បាំង ប្រឆាំងនាវាមុជទឹក យន្តហោះឈ្លបយកការណ៍ និងនាវា ទៅជិតកោះតៃវ៉ាន់ អំឡុងពេលទស្សនកិច្ចរបស់រដ្ឋមន្រ្តីរតនាគារអាមេរិក មកទីក្រុងប៉េកាំង

រូបភាពពី៖​ XINHUA

បរទេស៖ កងទ័ពរំដោះប្រជាជនចិនបានបញ្ជូនយន្តហោះចំនួន ១៣ គ្រឿង និងនាវាចំនួន ៦ គ្រឿងចូលទៅក្នុងដែនអាកាស និងដែនទឹក ជុំវិញកោះតៃវ៉ាន់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ កាលពីព្រឹកថ្ងៃសៅរ៍ ដោយគាប់ជួនជាមួយនឹងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោកស្រី Janet Yellen មកកាន់ទីក្រុងប៉េកាំង ក្នុងគោលបំណងជួសជុលទំនាក់ទំនងដ៏តានតឹងរវាងចិន និងអាមេរិក។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់បាននិយាយថា ខ្លួនកំពុងតាមដានស្ថានការណ៍ពីអាកាស និងសមុទ្រ ហើយប្រព័ន្ធមីស៊ីលនៅលើដីត្រូវបានរៀបចំដើម្បីឆ្លើយតបវិញផងដែរ។

ក្រសួងការពារជាតិកោះនេះបន្តថា យន្តហោះចិនចំនួន ៤ គ្រឿង, យន្តហោះចម្បាំង SU-30 ចំនួន២គ្រឿង, យន្តហោះឈ្លបយកការណ៍ BZK-005 ចំនួន១គ្រឿង និងយន្តហោះចម្បាំងប្រឆាំងនាវាមុជទឹក Y-8 ចំនួន១គ្រឿង បានឆ្លងកាត់ខ្សែបន្ទាត់កណ្តាលនៅក្នុងច្រកសមុទ្រតៃវ៉ាន់ ដែលបម្រើជាព្រំដែនជាក់ស្តែងរវាងភាគីទាំងពីរ និងមាន បានចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសភាគនិរតីរបស់កោះតៃវ៉ាន់។

ប្រទេសចិនបានអះអាងថា កោះតៃវ៉ាន់ ជាទឹកដីរបស់ខ្លួន ហើយប៉ុនប៉ងដើម្បីដាក់បញ្ចូលដោយកម្លាំងប្រសិនបើចាំបាច់ ហើយបញ្ជូនបេសកកម្មទ័ពអាកាស និងជើងទឹក ស្ទើរតែជារៀងរាល់ថ្ងៃ ក្នុងការប៉ុនប៉ងកាត់បន្ថយសមត្ថភាពការពាររបស់កោះ និងបំភិតបំភ័យប្រជាជន ២៣ លាននាក់របស់កោះនេះ ។

ចំណែកការគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់កោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ ដែលបានបំបែកចេញពីប្រទេសចិនដីគោក ចំពេលមានសង្រ្គាមស៊ីវិលក្នុងឆ្នាំ ១៩៤៩ គឺនៅតែជាបញ្ហាដ៏ធ្ងន់ធ្ងរនៅក្នុងទំនាក់ទំនងជាមួយទីក្រុងប៉េកាំង៕ ប្រែសម្រួលៈ ណៃ តុលា

To Top