ព័ត៌មានជាតិ

សម្ដេចតេជោ​ ហ៊ុន​ សែន​ អំពាវនាវដល់ប្រទេសជាសមាជិក NATO និងសម្ព័ន្ធមិត្តអាមេរិក រួមគ្នាទប់ស្កាត់ការប្រើប្រាស់ គ្រាប់បែកចង្កោម

ភ្នំពេញ ៖ ជុំវិញ​បញ្ហាសង្គ្រាមរវាង រុស្ស៊ី-អ៊ុយក្រែន​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់ប្រទេសសមាជិកអង្គការណាតូ (NATO) និងប្រទេសជាសម្ព័ន្ធមិត្តរបស់អាមេរិក ត្រូវរួមគ្នាទប់ស្កាត់កុំឲ្យប្រើប្រាស់គ្រាប់បែកចង្កោម ក្នុងសង្គ្រាមនេះ។

តាមរយៈគណនី Twitter របស់ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ដ្រី នៅយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ បានសង្កត់ធ្ងន់ថា «ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមបន្តអំពាវនាវដល់ប្រទេសជាសមាជិកអង្គការ NATO និងជាប្រទេសសម្ព័ន្ធមិត្តអាមេរិកមួយចំនួន ដូចជា ចក្រភពអង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ កាណាដា ដែលសុទ្ធសឹងតែជាប្រទេសហត្ថលេខី នៃអនុសញ្ញាហាមឃាត់គ្រាប់បែកចង្កោម សូមមានភាពទទួលខុសត្រូវ និងចូលរួមទប់ស្កាត់ឱ្យខានតែបាន ទៅដល់ប្រធានាធិបតីអាមេរិក ចូ បៃដិន និងប្រធានាធិបតីអ៊ុយក្រែន កុំឱ្យប្រើប្រាស់អាវុធដ៏កាចសាហាវនេះ»។

សូមរំលឹកថា​ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ តាមរយ:សារតេឡេក្រាម សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រធានាធិបតីអាមេរិក និងប្រធានាធិបតីអ៊ុយក្រែន កុំប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្រ្គាមនេះ ព្រោះអ្នករងគ្រោះពិតប្រាកដ គឺប្រជាជន ជាពិសេសប្រជាជនអ៊ុយក្រែនតែម្តង។

សម្ដេចតេជោ បន្ដថា ប្រសិនរឿងនេះ វាជាការពិតមែន វានឹងក្លាយទៅជាគ្រោះថ្នាក់ធំបំផុត សម្រាប់ប្រជាជនអ៊ុយក្រែន រាប់សឹបឆ្នាំ ឬដល់រយឆ្នាំទៀតផង ប្រសិនគ្រាប់បែកចង្កោមនេះ យកទៅប្រើប្រាស់ក្នុងតំបន់ដែលរុស្ស៊ីកាន់កាប់ក្នុងទឹកដីអ៊ុយក្រែន។

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ អាមេរិក មានផែនការបញ្ជូន «គ្រាប់បែកចង្កោម» ទៅឱ្យអ៊ុយក្រែន ដើម្បីប្រើប្រាស់នៅក្នុងការប្រយុទ្ធប្រឆាំង នឹងកងកម្លាំងឈ្លានពានរុស្ស៊ី៕

To Top