ព័ត៌មានជាតិ

អ្នកណែនាំពលរដ្ឋទៅបោះឆ្នោត ហើយគូសសន្លឹកឆ្នោតចោល នឹងត្រូវផ្តន្ទាទោសតាមច្បាប់

រូបភាព៖ ឯកសារ ពលរដ្ឋអញ្ជើញទៅបោះឆ្នោតកន្លងមក


ភ្នំពេញ៖បន្ទាប់ពីទទួលព័ត៌មានពីការឃោសនាផ្ទុយពីច្បាប់បោះឆ្នោតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានបញ្ជាក់ថាអ្នកដែលណែនាំប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោលនៅពេលទៅបោះឆ្នោត នឹងត្រូវផ្តន្ទាទោសតាមច្បាប់។


យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប នៅថ្ងៃទី១១ខែកក្កដា ឆ្នាំ២០២៣ បានលើកឡើងថាថ្ងៃបោះឆ្នោតកាន់តែខិតជិតមកដល់ ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានកត់សម្គាល់ឃើញថា មានបុគ្គលមួយចំនួនកាន់តែបន្តយុទ្ធនាការ តាមបណ្ដាញព័ត៌មានសង្គម ដោយណែនាំឱ្យប្រជា ពលរដ្ឋគូសសន្លឹកឆ្នោតចោលពេលទៅបោះឆ្នោត នៅថ្ងៃបោះឆ្នោត ដើម្បីធ្វើឱ្យសន្លឹកឆ្នោតរបស់ ពួកគាត់ ក្លាយជាសន្លឹកឆ្នោតមិនបានការ ដោយហេតុថាគ្មានគណបក្សភ្លើងទៀន។ អ្នកណែនាំ បែបនេះ នឹងត្រូវផ្ដន្ទាទោសតាមច្បាប់ដែលមានជាធរមាន។


គ.ជ.បបានលើកឡើងថាមាត្រា ១៤២ ថ្មីនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត ចែងថាត្រូវជាកពិន័យជាប្រាក់ពី ៥.០០០.០០០(ប្រាំលាន)រៀល ទៅ ២០.០០០.០០០(ម្ភៃលាន)រៀល ដោយ គ.ជ.ប ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលតាមគ្រប់ មធ្យោបាយទុច្ចរិត៖ ណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត។ ធ្វើឱ្យបាត់ទំនុកចិត្តលើការសម្ងាត់នៃការបោះឆ្នោត។ ធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។

រូបភាព៖ ឯកសារ ពលរដ្ឋអញ្ជើញទៅបោះឆ្នោតកន្លងមក


គ.ជ.បបញ្ជាក់ថា ចំពោះជនដែលបានប្រព្រឹត្តល្មើសណាមួយដូចបានដកស្រង់ខាងលើនេះ នឹងត្រូវលុបឈ្មោះ ចេញពីបញ្ជីបោះឆ្នោត ឬ/និងលុបបេក្ខភាពរបស់សាមីខ្លួន ឬ/និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត របស់សាមីខ្លួនសម្រាប់រយៈពេល៥(ប្រាំ)ឆ្នាំយ៉ាងតិចបន្ថែមទៀត ដោយគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត។ ផ្ទុយទៅវិញ គ.ជ.ប សូមអំពាវនាវ សូមប្រជាពលរដ្ឋ កុំចាញ់បោកទង្វើទុច្ចរិតរបស់ខ្លួន អគតិមួយចំនួន ដែលមានចេតនាបំផ្លាញលទ្ធិប្រជាធិបតេយ្យ បំផ្លាញសិទ្ធិបងប្អូន និងនាំបងប្អូន … ឱ្យប្រព្រឹត្តអំពើផ្ទុយនឹងច្បាប់។ គ.ជ.ប សូមអំពាវនាវប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ ទាំងអស់ មេត្តាត្រៀមខ្លួន និងត្រៀមអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ(អ.ខ) ដែលមានសុពលភាព ឬឯកសារ បញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត(ឯ.អ) ដើម្បីចូលរួមបោះឆ្នោតនៅថ្ងៃបោះឆ្នោត គឺថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា។


គ.ជ.ប សូមលើកទឹកចិត្តម្ចាស់ឆ្នោត សូមគូសសញ្ញាធិក (√) គាំទ្រគណបក្សនយោបាយ ដែលខ្លួនស្រឡាញ់ពេញចិត្ត ហើយការចូលរួមគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដូចដែលប្រជា ពលរដ្ឋកម្ពុជា ធ្លាប់មានបទពិសោធន៍បោះឆ្នោតជាច្រើនលើក ច្រើនសារួចមកហើយ គឺជាការ បញ្ជាក់ឡើងវិញ ដូចមានចែងក្នុងបុព្វកថានៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា “យើង ប្រជា រាស្ត្រខ្មែរ បានភ្ញាក់រលឹក ក្រោកឈរឡើង ចងបាច់ឆន្ទៈមោះមុត ប្តូរផ្តាច់ រួបរួមគ្នា ពង្រឹងឯកភាព ជាតិ រក្សាការពារ ទឹកដីកម្ពុជា អធិបតេយ្យថ្លៃថ្លា និងអារ្យធម៌អង្គរដ៏បវរ កសាងប្រទេសជាតិឱ្យទៅ ជា “កោះសន្តិភាព” ឡើងវិញ ផ្អែកលើប្រព័ន្ធប្រជាធិ បតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស គោរព ច្បាប់ ទទួលខុសត្រូវចំពោះវាសនាអនាគ តជាតិឱ្យបានឈានឡើងរីកចំរើន លូតលាស់ សម្បូរ រុងរឿងជានិច្ចនិរន្តរ៍។

សូមជម្រាបថាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧នៃរដ្ឋសភានឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ខាងមុខនេះខណៈការបោះឆ្នោតអាណត្តិនេះមានគណបក្សនយោបាយចំនួន១៨បានចូលរួមប្រកួតប្រជែងគ្នា៕

To Top