ព័ត៌មានអន្តរជាតិ

ប៉ាឡេស្ទីន អំពាវនាវឲ្យអ៊ីស្រាអែល បញ្ឈប់សកម្មភាព​អរិភាព

ប្រភព ៖ AFP

រ៉ាម៉ាឡា៖ ប៉ាឡេស្ទីន បានអំពាវនាវ ឱ្យអ៊ីស្រាអែល បញ្ឈប់សកម្មភាពអរិភាព របស់ខ្លួននៅតំបន់វេសបែង ជំនួសឱ្យការអះអាងថា ខ្លួននឹងជួយសង្គ្រោះ អាជ្ញាធរប៉ាឡេស្ទីន (PA) ដូចអ្វីដែលគេហៅថា ជាការដួលរលំ ។

មន្ត្រីប៉ាឡេស្ទីនបានឲ្យដឹងថា ពួកគេបានច្រានចោលការកត់ សម្គាល់របស់អ៊ីស្រាអែល កាលពីថ្ងៃអាទិត្យថា ប្រសិនបើ PA យល់ព្រមបញ្ឈប់សកម្មភាព ប្រឆាំងនឹងអ៊ីស្រាអែល នៅក្នុងឆាកនយោបាយអន្តរជាតិនោះ អ៊ីស្រាអែល នឹងសងវិញដោយការគាំទ្រជំហាន ដែលរារាំងការដួលរលំរបស់ PA ។

សេចក្តីថ្លែងការណ៍ផ្លូវការមួយ បានដកស្រង់សម្ដីនាយករដ្ឋមន្ត្រីប៉ាឡេស្ទីនលោក Mohammed Ishtaye ថា “អ្វីដែលទាមទាររបស់អ៊ីស្រាអែល គឺត្រូវបញ្ឈប់ការឈ្លានពានប្រឆាំង នឹងប្រជាជនរបស់យើង បញ្ឈប់ការសម្លាប់ ការតាំងទីលំនៅ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក Ishtaye ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​ប្រចាំ​សប្តាហ៍ ​ដែល​បាន​ធ្វើ​ឡើង ​នៅ​ក្នុង​ក្រុងរ៉ាម៉ាឡា ភាគខាងលិចប្រទេស។

ទន្ទឹមនឹងនេះ ក្រសួងការបរទេសប៉ាឡេស្ទីន បានឲ្យដឹងនៅក្នុងសេចក្តី ថ្លែងការណ៍មួយថា “អ្វីដែលអ៊ីស្រាអែល ចង់ផ្តល់ជូនប៉ាឡេស្ទីន គឺជាកាតព្វកិច្ចជាមូលដ្ឋាន ដែលដាក់លើអ៊ីស្រាអែល ក្រោមច្បាប់អន្តរជាតិ អនុសញ្ញាទីក្រុង ហ្សឺណែវ និងកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា”។

សេចក្តីថ្លែងការណ៍បានបន្ថែមថា “អ្វីដែលទាមទារ គឺការបញ្ឈប់រាល់វិធានការឯកតោភាគី ខុសច្បាប់របស់អ៊ីស្រាអែល និងការប្តេជ្ញាចិត្ត ចំពោះកិច្ចព្រមព្រៀង និងការយោគយល់ ដែលបានចុះហត្ថលេខា ដើម្បីរៀបចំ សម្រាប់ការចូលរួមរបស់អ៊ីស្រាអែល នៅក្នុងដំណើរការចរចា នយោបាយពិតប្រាកដ” ។

កាលពីថ្ងៃទី០៣ ខែកក្កដា PA បានសម្រេចចិត្ត បញ្ឈប់ការទំនាក់ទំនង និងការប្រជុំទាំងអស់ ហើយបន្តការផ្អាក ការសម្របសម្រួលផ្នែកសន្តិសុខ ជាមួយអ៊ីស្រាអែល បន្ទាប់ពីភាគីទាំងពីរ បានធ្វើការ វាយលុកយោធាទ្រង់ទ្រាយធំរយៈពេល ២ថ្ងៃលើទីក្រុងជេនីន ភាគខាងជើងតំបន់វេសបែង និងជំរុំជនភៀសខ្លួនរបស់ខ្លួន ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top