ព័ត៌មានអន្តរជាតិ

អ្នកបកប្រែ ​អាហ្វហ្គានីស្ថាន ដែលធ្វើការឱ្យយោធា​អាមេរិក ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី

ប្រភព ៖ Xinhua

ដូហា ៖ សារព័ត៌មាន Al Jazeera ដែលមានមូលដ្ឋាននៅប្រទេស កាតា រាយការណ៍​ថា បុរសម្នាក់បម្រើការ ជាអ្នកបកប្រែឱ្យយោធា សហរដ្ឋអាមេរិកយូរមកហើយ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន មុនពេលដែលលោកភៀសខ្លួន ចេញពីមាតុភូមិរបស់លោក ត្រូវបានខ្មាន់កាំភ្លើងបាញ់ សម្លាប់នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ។

របាយការណ៍បានឲ្យដឹងថា លោក Nasrat Ahmad Yar អាយុ ៣១ ឆ្នាំត្រូវបានគេរកឃើញថា ត្រូវបានគេបាញ់សម្លាប់កាលពីថ្ងៃទី០៣ ខែកក្កដា នៅក្នុងរថយន្តរបស់លោក ខណៈពេលដែលលោក កំពុងធ្វើការជាអ្នកបើកបរ ចែកចាយទំនិញពេលយប់ នៅក្នុងសង្កាត់មួយនៅភាគឦសាន នៃរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី ។

ដោយបានធ្វើការឱ្យយោធាសហរដ្ឋអាមេរិក អស់រយៈពេល ១០ឆ្នាំ លោក Ahmad Yar បានភៀសខ្លួនទៅសហរដ្ឋអាមេរិក នៅឆ្នាំ២០២១ បន្ទាប់ពីការកាន់កាប់របស់ពួកតាលីបង់ ដោយប្រើទិដ្ឋាការពិសេសផ្តល់ជូន សម្រាប់អ្នកដែលធ្វើការឱ្យកងកម្លាំងសហរដ្ឋអាមេរិក។

យោងតាមការប៉ាន់ប្រមាណចុងក្រោយរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ក្នុងខែមិថុនា ប្រជាជនអាហ្វហ្គានីស្ថាន ប្រហែល ៩៧០០០ នាក់ បានតាំងទីលំនៅថ្មីនៅក្នុងសហរដ្ឋអាមេរិក ចាប់តាំងពីខែកញ្ញាឆ្នាំ២០២១ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top