អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ថា ទូរទស្សន៍រដ្ឋ TRT បានរាយការណ៍មកថា ពលរដ្ឋដែលរស់នៅក្នុងផ្ទះនារដូវក្តៅនៅជុំវិញស្រុក Aliaga របស់ប្រទេសតួកគី នៅក្នុងខេត្ត Izmir ស្ថិតភាគខាងលិចប្រទេសនេះ កំពុងត្រូវបានជម្លៀសខ្លួនចេញតាមផ្លូវគោក និងសមុទ្រ បន្ទាប់ពីមានអគ្គីភ័យ បានឆាបឆេះកាលពីព្រឹកថ្ងៃចន្ទ ។
ទូរទស្សន៍ Aliaga បានដកស្រង់សម្តី ដោយផ្ទែកតាមការបញ្ជាក់របស់អភិបាលស្រុក Zekeriya Guney យ៉ាងដូច្នេះថា
“បច្ចុប្បន្ននេះ ផ្ទះនៅរដូវក្តៅចំនួន២ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះអស់ហើយ ។ អាទិភាពរបស់យើងគឺការពារភ្លើង មិនឱ្យទៅដល់តំបន់លំនៅដ្ឋានផ្សេងទៀត ។ យើងកំពុងជម្លៀសប្រជាពលរដ្ឋ របស់យើងទាំងផ្លូវគោក និងសមុទ្រ ។ ប្រជាពលរដ្ឋរបស់យើងដែលរស់នៅ ក្នុងតំបន់រងគ្រោះកំពុងត្រូវបាន ផ្លាស់ប្តូរទីកន្លែងហើយ” ។
សារព័ត៌មានរដ្ឋ TRT បានរាយការណ៍មកថា ឧទ្ធម្ភាគចក្រសរុបចំនួន ៦គ្រឿង យន្តហោះចំនួន៤គ្រឿង ម៉ាស៊ីនបាញ់ទឹកចំនួន១៨គ្រឿង និងម៉ាស៊ីនសំណង់ចំនួន៥កំពុង ជួយអន្តរាគមន៍នៅក្នុងអគ្គិភ័យមួយនេះ ។
សេចក្តីរាយការណ៍ររបស់ TRT បានឱ្យដឹងទៀតថា ភ្លើងក៏បានផ្ទុះឡើងនៅក្នុងតំបន់ព្រៃនៃស្រុក Menderes នៃទីក្រុង Izmir និងនៅក្នុងតំបន់ Dalyan នៃស្រុក Ortaca នៃខេត្ត Mugla ស្ថិតនៅភាគនិរតី ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា