បរទេស ៖ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកបានប្រកាសភាពអាសន្នសម្រាប់តំបន់ Hudson Valley នៃ Orange County បន្ទាប់ពីភ្លៀងធ្លាក់ក្នុងកម្រិត ៨អ៊ីញ ក្នុងរយៈពេលត្រឹមតែ៣ម៉ោង កាលពីយប់ថ្ងៃអាទិត្យ ដោយបានបំផ្លិចបំផ្លាញតំបន់នេះ ជាមួយនឹងអ្វីដែលអ្នកឧតុនិយម បានពិពណ៌នាថាជា “ព្រឹត្តិការណ៍ទឹកជំនន់រយៈពេល ១ ០០០ ឆ្នាំ” ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ស្ត្រីម្នាក់បានស្លាប់ ដោយព្យាយាមរត់គេចពីផ្ទះ ដែលបានជន់លិចទឹក ជាមួយឆ្កែរបស់នាង កាលពីយប់ថ្ងៃអាទិត្យ ។ មនុស្សជាច្រើននាក់ផ្សេងទៀត ត្រូវបានគេនិយាយថា បានបាត់ខ្លួន ខណៈទឹកជំនន់បានបោកបក់ផ្នែកទាំងមូល នៃផ្លូវហាយវ៉េក្នុងតំបន់ ហើយបានបន្សល់ទុកផ្នែកផ្សេងទៀត មិនអាចធ្វើដំណើរបាន។ យោងតាមប៉ូលិសរដ្ឋ បានឲ្យដឹងថា ស្ពានជាច្រើនក៏បានបាក់ផងដែរ ។ នេះបើយោងតាមប៉ូលីសរដ្ឋ ។
អភិបាលក្រុងញូយ៉ក លោកស្រី Kathy Hochul បានប្រាប់អ្នកយកព័ត៌មានថា អ្នកធ្វើដំណើរត្រូវបានណែនាំឲ្យនៅឆ្ងាយពីផ្លូវ ដោយសារទឹកជំនន់ បានលេបត្របាក់ផ្ទះ និងរថយន្ត និងបានបណ្តាលឱ្យមនុស្សរាប់ពាន់នាក់ គ្មានអគ្គិសនីប្រើប្រាស់។ ផ្ទះមួយខ្នងត្រូវបាន “បំផ្លាញទាំងស្រុង” ។
ភ្លៀងពី៦អ៊ីញទៅ១០អ៊ីញ ក៏បានធ្លាក់ទៅលើតំបន់ Westchester, Rockland និង Putnam County នៅក្បែរនោះ។ ផ្នែកមួយនៃផ្លូវ២១៨ ក្នុងរដ្ឋ ពីតំបន់ Cornwall ទៅសាលាយោធា West Point ដែលជាសាលាយោធា ដែលមានឈ្មោះល្បីល្បាញ ត្រូវបានគេនិយាយថា “បានលិចលង់ផងដែរ” ហើយការបិទផ្លូវជាច្រើនទៀត ត្រូវបានរាយការណ៍ ៕
ប្រែសម្រួលៈ ណៃ តុលា