រ៉ាម៉ាឡា៖ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីនលោក Mohammed Ishtaye បានថ្កោលទោសសហរដ្ឋអាមេរិក ចំពោះការមិនបង្ហាញ គំនិតផ្តួចផ្តើមណាមួយ ដើម្បីស្តារដំណើរការសន្តិភាពប៉ាឡេស្ទីន ជាមួយអ៊ីស្រាអែល ដែលនៅជាប់គាំងតាំងពីឆ្នាំ២០១៤ ។
លោក Ishtaye បានឲ្យដឹងនៅក្នុងសន្និសិទប្រជាជនជាតិ ប៉ាឡេស្ទីន លើកដំបូងដែលធ្វើឡើងនៅទីក្រុងវេសបែង ថា “ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន និងរដ្ឋបាលរបស់លោក គឺជាប្រធានាធិបតី និងរដ្ឋបាលអាមេរិកតែមួយគត់ ដែលមិនបានបង្ហាញគំនិតផ្តួចផ្តើមណាមួយ ដើម្បីដោះស្រាយជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន”។
លោកបានបន្ថែមថា “លោកប្រធានាធិបតី ចូ បៃដិន ក៏ជាបុគ្គលតែម្នាក់គត់ ដែលមិនបានបញ្ជូនបេសកជន ដើម្បីសន្តិភាព ហើយរដ្ឋាភិបាលសហរដ្ឋអាមេរិកនេះ កំពុងដើរតួជាអ្នកមើលក្នុងពន្លឺ នៃការអនុវត្ត ដែលអ៊ីស្រាអែល កំពុងអនុវត្តនៅក្នុងទឹកដីប៉ាឡេស្ទីន” ។
លោក Ishtaye បានលើកឡើងថា “ប៉ាឡេស្ទីន កំពុងទន្ទឹងរង់ចាំ វិធីសាស្រ្តផ្សេងពីសហគមន៍អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ជុំចុងក្រោយនៃកិច្ចចរចាសន្តិភាព ដែលឧបត្ថម្ភដោយអាមេរិករវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល បានបែកបាក់នៅក្នុងខែមីនា ឆ្នាំ២០១៤ ដោយសារតែការបែកបាក់គ្នាយ៉ាងខ្លាំង របស់ពួកគេលើការពង្រីកការតាំងទីលំនៅរបស់អ៊ីស្រាអែល និងស្ថានភាពរដ្ឋប៉ាឡេស្ទីន។
ប៉ាឡេស្ទីនសង្ឃឹមថា នឹងបង្កើតរដ្ឋឯករាជ្យមួយនៅព្រំដែនឆ្នាំ១៩៦៧ ជាមួយក្រុងយេរ៉ូសាឡឹមខាងកើតជារដ្ឋធានីរបស់ខ្លួន ខណៈដែលអ៊ីស្រាអែល ទាមទារក្រុងហ្សេរុយសាឡឹមទាំងមូលជារាជធានី ដែលមិនអាចបំបែកបានរបស់ពួកគេ៕ ប្រែសម្រួល ឈូក បូរ៉ា