ព័ត៌មានជាតិ

មេបក្សខ្មែរឈប់ក្រ ប្តេជ្ញាសងបំណុល ធនាគារជំនួសពលរដ្ឋ

រូបភាពដើមអម្ពិល

ភ្នំពេញ ៖ លោក ក្រវ៉ាញ ដារ៉ន ប្រធានគណបក្សខ្មែរ ឈប់ក្រ បានអះអាងថា នៅពេលជាប់ឆ្នោត ក្លាយជានាយករដ្ឋមន្រ្តី ក្នុងរយៈពេល១០០ថ្ងៃដំបូង នឹងចាប់ផ្តើមអនុវត្តគោលនយោបាយមុនគេគឺដូចអ្វីជាការសន្យារបស់លោកនោះ គឺសងបំណុលធនាគារ ជំនួសប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស ។

ពាក្យថា ”ខ្មែរឈប់ក្រ” ជាមហិច្ចតារបស់លោក ក្រវ៉ាញ ដារ៉ន នៅពេលជាប់ឆ្នោតដឹកនាំរាជរដ្ឋាភិបាល នឹងធ្វើឲ្យប្រជាពលរដ្ឋឈប់ក្រគ្រប់គ្នា ឲ្យក្លាយជាពលរដ្ឋអភិជន ។ លោកអះអាងថា បើជាប់ឆ្នោត នឹងធ្វើឲ្យកម្ពុជាក្លាយជាប្រទេស “អ្នកមាន” ដូច្នេះតែក្លាយជាប្រទេសអ្នកមានហើយ ជីវភាពរបស់ពលរដ្ឋនឹងធូរធារ លែងលំបាកទៅតាមហ្នឹងដែរ ដោយសារសំបូរលុយ ដោយសារតែការសំបូរលុយនេះហើយ ទើបនាំឲ្យមានការសង់ធនាគារ នាំមនុស្សចាស់ៗ ព្រមទាំងសិស្សសាលាចប់បាក់ឌុប ទៅដើរលេងកម្សាន្ត នៅសហរដ្ឋអាមេរិក និងអឺរ៉ុបជាដើម ។

តាមរយៈកិច្ចសម្ភាសន៍ពិសេសជាមួយមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល លោក ក្រវ៉ាញ ដារ៉ន ប្រធានគណបក្សខ្មែរឈប់ក្រ បានសន្យាទុកជាមុនថា “សងបំណុលជំនួសពលរដ្ឋ ជំពាក់អ្វីទាំងអស់សងទាំងអស់ហ្នឹងទៅ គឺវាចប់ហើយ”។ ចំណុចនេះលោកថា នឹងសងបំណុលធនាគារជំនួសពលរដ្ឋ ព្រោះពេលជាប់ឆ្នោតនឹងធ្វើឲ្យកម្ពុជាក្លាយជាប្រទេសអ្នកមាន អីចឹងនឹងមានលទ្ធភាពសម្រាប់កិច្ចការងារអស់ទាំងនេះ ។

ទន្ទឹមនឹងនេះ តំណាងរាស្រ្តអាចនឹងទទួលប្រាក់ខែខ្ទង់ម៉ឺនដុល្លារ ព្រោះជាប្រទេសឈប់ក្រ។ នេះជាសារផ្តាំផ្ញើរបស់លោក ក្រវ៉ាញ ដារ៉ន ។

ជាមួយគ្នានេះដែរ លោកអះអាងថា ក៏នឹងមានកម្មវិធីសិក្សាដាក់ចេញមិនឲ្យសិស្សថ្នាក់ទី១២ ប្រឡងធ្លាក់បាក់ឌុបនោះដែរ ប៉ុន្តែទោះបីជាយ៉ាងណាលោកថា បើចង់ប្រឡងជាប់សិស្សត្រូវប្រឹងសិក្សា តែបើខ្ចិលរៀនហើយក៏មានធ្លាក់ចំនួនតិចដែរ ។

អំណះអំណាងថា ឈប់ឲ្យក្រនោះ ដោយលោក ក្រវ៉ាញ ដារ៉ន សំអាងថា នៅពេលរស់នៅអាមេរិក លោកបានចូលរួមក្នុងកម្មវិធីមួយ ឈ្មោះថា “បញ្ចប់ភាពក្រីក្រទាំងស្រុងនិងទូទាំងប្រទេស” គឺជាកម្មវិធីដែលមានអក្សរកាត់ថា SDG (sustainable Development Goals) របស់អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក សភាអឺរ៉ុប និងមហាសេដ្ឋី ប៊ីល ហ្គេត បូកនឹងកម្មវិធីរបស់លោកចូ បៃឌិន B3 build back better ដើម្បីលប់បំបាត់ភាពក្រីក្រក្នុងពិភពលោក រួមទាំងកម្ពុជាដែរ ។ កម្មវិធីនេះគឺជាគោលដៅអាទិភាពចម្បងបញ្ចូលក្នុងគោលនយោបាយ របស់គណបក្សខ្មែរឈប់ក្រ ៕

To Top