ព័ត៌មានអន្តរជាតិ

ផែនការវិលចូលស្រុក របស់អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន នៅក្នុងខែកក្កដានេះ ត្រូវបានពន្យារពេល ម្តងទៀតហើយ

ប្រភព ៖ AFP

បរទេស ៖ កូនស្រីរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តីថៃ ដែលត្រូវគេទម្លាក់ពីតំណែង ដោយរដ្ឋប្រហារយោធា គឺលោកស្រី ផែថងតាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បាននិយាយ កាលពីថ្ងៃពុធថា អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា បានសម្រេចចិត្ត មិនទាន់ត្រឡប់ ទៅប្រទេសថៃវិញទេ ដោយសារតែលោកមិនចង់ បង្កជម្លោះនយោបាយ។

យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា កូនស្រីពៅរបស់លោកថាក់ស៊ីន ដែលជាបេក្ខភាព នាយករដ្ឋមន្ត្រី នៃគណបក្សភឿថៃ គឺលោកស្រី ផែថងតាន ស៊ីណាវ៉ាត្រា បាននិយាយថា ការវិលត្រឡប់ របស់ឪពុក លោកស្រី នឹងមិនយូរពេកទេ បន្ទាប់ពីផែនការវិលចូលស្រុកវិញ នៅដើមខែកក្កដា ។ លោកស្រីបានបន្ថែមថា លោក ថាក់ស៊ីន កំពុងរង់ចាំស្ថានការណ៍ នយោបាយ ដែលត្រូវបានដោះស្រាយជាមុនសិន ។

លោកស្រីបាននិយាយថា «ទោះបីជាឪពុករបស់ខ្ញុំបានប្រាប់សារព័ត៌មានថា ការវិលត្រឡប់មកផ្ទះរបស់គាត់មិនមានពាក់ព័ន្ធនឹងរឿងនយោបាយក៏ដោយ ក៏មនុស្សជាច្រើនជឿថា បញ្ហាទាំងពីរនេះជាប់ពាក់ព័ន្ធនឹងគ្នា»។

លោកស្រីបានបន្តថា ទោះបីជាលោកថាក់ស៊ីន ចង់វិលមកដោះស្រាយបញ្ហា នយោបាយក៏ដោយ ក៏ការពន្យារពេលរបស់គាត់ មិនមានជាប់ពាក់ព័ន្ធ ជាមួយប្រទេសថៃ ក្នុងការបង្កើតរដ្ឋាភិបាលថ្មីនោះដែរ ។

ស្ថានភាពនយោបាយក្នុងប្រទេសថៃ គឺជាមូលហេតុចម្បង នៃការពន្យារពេលនេះ ដោយលោកស្រីបានបន្ថែមថា លោកថាក់ស៊ីន ចង់ធានាថា នយោបាយថៃនឹងដំណើរការ ដោយរលូនមុនពេលគាត់ត្រឡប់មកវិញ។

បន្ទាប់ពីរដ្ឋាភិបាលរបស់លោក ថាក់ស៊ីន ត្រូវបានបណ្តេញចេញពីរដ្ឋប្រហារ យោធានៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០០៦ លោកថាក់ស៊ីន ដែលបច្ចុប្បន្នមានអាយុ៧៣ ឆ្នាំបានភៀសខ្លួនចេញពីប្រទេសក្នុងឆ្នាំ ២០០៨ ដើម្បីគេចពីការចាប់ដាក់ពន្ធនាគារ ដោយសារតែលោកត្រូវ បានរកឃើញថា មានពិរុទ្ធក្នុងករណីពុករលួយចំនួន ៤ និងត្រូវបានកាត់ទោស ឲ្យជាប់ពន្ធនាគារ សរុបចំនួន ១២ ឆ្នាំ៕
ប្រែសម្រួលៈ ណៃ តុលា

To Top