ព័ត៌មានអន្តរជាតិ

ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចាថា លោកមិនបារម្ភអំពីការធ្វើបាតុកម្មនៅខាងក្រៅរដ្ឋសភាឡើយ ក្នុងពេលដែលសន្តិសុខកំពុងរឹតបន្តឹងពេលសភាបោះឆ្នោត

រូបភាពពី៖​ XINHUA

បរទេស៖ នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ប៉ូលិសបានរឹតបន្តឹងសន្តិសុខនៅជុំវិញសភាអំឡុងពេលនៃការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ហើយលោកមិនព្រួយបារម្ភអំពីការល្មើសច្បាប់ និងសណ្តាប់ធ្នាប់ណាមួយឡើយ។

យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ ប្រាយុទ្ធ បាននិយាយទៅកាន់អ្នកកាសែតបែបនេះ នៅអគារការិយាល័យកណ្តាលថវិកាថ្មីនៅផ្លូវ Phaholyothin។

លោកប្រាយុទ្ធ បានធ្វើជាអធិបតីក្នុងពិធីសម្ពោធអគារថ្មីនៅម៉ោងប្រហែល ១០ ព្រឹក។ បន្ទាប់ពីពិធីនោះ លោកបានចំណាយពេលបីម៉ោងតាមដានការជជែក ដេញដោលការបោះឆ្នោតនាយករដ្ឋមន្ត្រីនៅខាងក្នុងអគារផងដែរ។

នៅពេលអ្នកសារព័ត៌មានសួរថា តើលោកព្រួយបារម្ភអំពីការប្រមូលផ្តុំគ្នា ដោយអ្នកគាំទ្រគណបក្សឆ្ពោះទៅមុខ នៅជិតសភា ឬអត់? ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានឆ្លើយតបថា “ប៉ូលីសកំពុងធ្វើការដោយប្រុងប្រយ័ត្នហើយ ហើយរហូតមកដល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍អំពីបញ្ហាណាមួយនៅទីនោះទេ កុំឱ្យខ្ញុំទាក់ទងអី»។

សូមជម្រាបថា ប៉ូលិសថៃ បានដាក់របាំងបិទផ្លូវ Samsen ដែលនៅខាងមុខរដ្ឋសភា។ ជញ្ជាំងដែលគេយកទូរកុងតឺន័រដឹកមកបាំង បន្លាលួស និងរបងត្រូវបានគេរាយនៅជុំវិញបរិវេណសភាក្នុងសង្កាត់ Dusit ក្នុងទីក្រុងបាងកក។

ក្រុមអ្នកគាំទ្រគណបក្ស ឆ្ពោះទៅមុខ មួយក្រុមតូចត្រូវបានអនុញ្ញាតឱ្យធ្វើបាតុកម្មនៅខាងក្នុងអគាររដ្ឋាភិបាល Kiakkai ដែលស្ថិតក្បែរនោះ៕ ប្រែសម្រួលៈ ណៃ តុលា

To Top