ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញមុខមកបញ្ជាក់ជាថ្មីក្រោយលោក Pita មិនទទួលបានការគាំទ្រ ធ្វើជានាយករដ្ឋមន្រ្តីថៃ។ ក្នុងនោះសម្ដេចតេជោ បញ្ជាក់ថា សម្ដេចមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ប្រទេសថៃ និងត្រៀមខ្លួនធ្វើការជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលថៃ ទោះអ្នកណា ឬបក្សណាដឹកនាំក៏ដោយ។
ប៉ុន្តែសម្ដេចគ្រាន់តែដាស់តឿន ពួកជ្រុលនិយមខ្មែរ ដែលយកទឹកដីថៃ សម្រាប់ធ្វើសកម្មភាពប្រឆាំងកម្ពុជា រាប់ទាំងការប្រើប្រាស់ឈ្មោះលោក Pita គប្បីបញ្ឈប់សកម្មភាពធ្វើនយោបាយ ដែលពឹងលើដង្ហើមអ្នកដទៃ ដើម្បីបំផ្លាញជាតិខ្លួនឯង ទៀតទៅ។
នៅលើឆាណែលតេលេក្រាម នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖ «ល្ងាចម្សិលម៉ិញខ្ញុំបានបង្ហោះសារមួយដែលមានន័យថា ការដែលលោក Pita មិនបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថៃ វាជាបរាជ័យរបស់ក្រុមប្រឆាំងជ្រុលនិយមនៅកម្ពុជា ដោយហេតុថាក្រុមនេះបាន ប្រើប្រាស់ឈ្មោះលោក Pita និងគណបក្សរបស់លោកធ្វើការឃោសនាថា ក្រោយលោក Pita កាន់ដំណែងជានាយករដ្ឋមន្ត្រី ហើយពួកគេនិងធ្វើសកម្មភាពចេញពីទឹកដីថៃ រហូតអ្នកវិភាគតាមវិទ្យុបរទេស និយាយភាសារខ្មែរ លើកឡើងថា មេដឹកនាំក្រុមជ្រលនិយម នឹងមកកម្ពុជាតាមទឹកដីថៃ។ ក្រុមនេះបានប្រើប្រាស់ ឈ្មោះលោក Pita ជិត២ខែមកហើយតាំងពីលោក ឈ្នះឆ្នោតមកម្ល៉េះ។
ខ្ញុំមិនបានប្រឆាំងលោក Pita នោះទេ ហើយក៏មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ប្រទេសថៃនោះដែរ។ ការដែលខ្ញុំចេញសារនេះមានបំណង ប្រាប់ទៅក្រុមជ្រុល និយមនៅកម្ពុជាថា បំណងរបស់ពួកអ្នកត្រូវរលាយ ដូចអំបិលត្រូវទឹក។
ក្រោយខ្ញុំបង្ហោះ មានបងប្អូនថៃចូលមក Comment ជាភាសារថៃយ៉ាងច្រើនដែលខ្ញុំមិនយល់ ដោយមិនចេះអានភាសារថៃ។
នៅទីនេះខ្ញុំសូមបញ្ជាក់ថា៖
1 ខ្ញុំមិនប្រឆាំងលោក Pita នោះទេ ហើយក៏បានត្រៀមខ្លួនធ្វើការជាមួយលោក Pita ក្នុងករណីលោក Pita ដឹកនាំរដ្ឋាភិបាលថៃ។
2 ខ្ញុំគោរពការសម្រេច របស់ប្រជាជនថៃ និង មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ប្រទេសថៃនោះឡើយ។
3 ខ្ញុំត្រៀមខ្លួនធ្វើការជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលថៃ ទោះអ្នកណា ឬបក្សណាដឹកនាំក៏ដោយ។
4 ពួកជ្រុលនិយមខ្មែរ ដែលយកទឹកដីថៃ សម្រាប់ធ្វើសកម្មភាពប្រឆាំងកម្ពុជា រាប់ទាំងការប្រើប្រាស់ឈ្មោះលោក Pita គប្បីបញ្ឈប់សកម្មភាពធ្វើនយោបាយ ដែលពឹងលើដង្ហើមអ្នកដទៃ ដើម្បីបំផ្លាញជាតិខ្លួនឯង ទៀតទៅ ជាពិសេសឈប់ប្រើឈ្មោះ លោក Pita ដែលគាត់មិនទាំងដឹងខ្លួនផង ឲ្យមកប្រឆាំងជាមួយកម្ពុជាទៀតទៅ។