ភ្នំពេញ ៖ លោក អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានថ្លែងអះអាងថា ក្រុមការងារអង្គការសហប្រជាជាតិ (UN) ទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជា ដោះលែងទណ្ឌិតមួយរូបមានឈ្មោះថា សេង ធារី ដែលមានរហស្សនាមជា នារីអប្សរាក្បាលត្រងោល ជាបន្ទាន់និងគ្មានលក្ខខណ្ឌ គឺគ្រាន់តែជាទស្សនៈផ្ទាល់ខ្លួនរបស់ក្រុមការងារទទួលបន្ទុកការឃុំខ្លួនតាមទំនើងចិត្តតែប៉ុណ្ណោះ ពោលគឺមិនតំណាងឲ្យអង្គការសហប្រជាជាតិ នោះទេ។
កាលពីថ្ងៃទី១៣ កក្កដា វិទ្យុ RFI ផ្សាយជាខេរៈភាសា បានផ្សាយថា ក្រុមការងារអង្គការសហប្រជាជាតិ (UN) ប្រឆាំងនឹងការឃុំខ្លួនតាមទំនើងចិត្តបានទាមទាររដ្ឋាភិបាលកម្ពុជាឲ្យដោះលែងកញ្ញា សេង ធារី ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ។ ក្រុមការងារអង្គការមួយនេះ ចាត់ទុកថាការឃុំខ្លួនកញ្ញា សេង ធារី មានសញ្ជាតិខ្មែរ-អាមេរិកកាំង គឺជាការឃុំខ្លួនដោយបំពាន និងផ្ទុយពីច្បាប់អន្តរជាតិ ។
ជុំវិញករណីនេះដែរអ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់ថា «ធាតុពិត ការថ្លែងទាំងនេះគឺគ្រាន់តែជាទស្សនៈផ្ទាល់ខ្លួនរបស់ “ក្រុមការងារទទួលបន្ទុកការឃុំខ្លួនតាមទំនើងចិត្ត” តែប៉ុណ្ណោះ ពោលគឺមិនតំណាងឲ្យអង្គការសហប្រជាជាតិ នោះទេ» ។
ដោយការផ្សាយរបស់វិទ្យុបរទេសខាងលើ មានចេតនាទុច្ចរិត និងបង្កឲ្យមានការភាន់ច្រឡំ អ្នកនាំពាក្យក្រសួងការបរទេស បានផ្តល់នូវការពិតចំនួន២ចំណុចដូចខាងក្រោម៖ ១-“ក្រុមការងារទទួលបន្ទុកការឃុំខ្លួនតាមទំនើងចិត្ត” (WGAD) គឺជាបណ្តុំនៃបុគ្គលចំនួនប្រាំរូប ដែលមិនមែនជាមន្ត្រីរបស់អង្គការសហប្រជាជាតិឡើយ ហើយដែលគ្រាន់តែបម្រើការ ក្នុងសមត្ថភាពផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ បុគ្គលទាំងនោះទំនងពុំមានការយល់ដឹងជាក់ស្តែងអំពីអង្គហេតុនិងអង្គច្បាប់ចំពោះករណីទណ្ឌិតម្នាក់នោះ ទិដ្ឋភាពនយោបាយ និងប្រព័ន្ធយុត្តិធម៌ នៅកម្ពុជា។ សេចក្តីសន្និដ្ឋានរបស់ក្រុមការងារនេះក៏ពុំមានទម្ងន់អ្វីឡើយ រួមទាំងទម្ងន់ផ្លូវច្បាប់ មកលើរដ្ឋអធិបតេយ្យមួយ។
២.ដោយពុំបានអនុវត្តតាមវិធីសាស្ត្រនិងក្រមសីលធម៌ការងារត្រឹមត្រូវ កម្ពុជាច្រានចោលនូវសេចក្តីសន្និដ្ឋានរបស់ក្រុមការងារនេះ។ ប្រទេសជាច្រើនផ្សេងទៀតក៏ធ្លាប់បានសម្តែងនូវការខកចិត្ត និងបដិសេធសេចក្តីសន្និដ្ឋាន នាពេលកន្លងមក របស់ WGAD ផងដែរ ៕